អភិបាលខេត្តតាកែវ ប្រកាសថា មន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌភ្លាមៗ
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រកាសថា ប្រសិនបើរកឃើញមន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលភ្លាមៗ។

ការប្រកាសរបស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ប្រមាណជិត ២០០នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។ ពិធីនេះ បានរៀបចំឡើងនៅបរិវេណសាលាខេត្តតាកែវ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀននាពេលនេះ គឺជាការអនុវត្តស្របតាម បទបញ្ជាលេខ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្ត ក៏បានដាក់បទបញ្ជាទៅកាន់ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្រ្តីរាជការក្រោមឱវាទ ដោយគ្មានការយោគយល់ ឬលើកលែងណាមួយឡើយ។ លោក បានសង្កត់ធ្ងន់ថា «ប្រសិនបើរកឃើញថាមន្ត្រីរូបណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលភ្លាមៗតែម្តង»។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត ក៏បានដាស់តឿនក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ កុំពាក់ព័ន្ធ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាបំផ្លាញទាំងអនាគតខ្លួនឯង គ្រួសារ និងធ្វើឱ្យសង្គមជាតិស្អប់ខ្ពើម៕


