ព័ត៌មានជាតិ

លោក​ ឃួង ស្រេង ជំរុញឱ្យមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹង ការផ្ដល់សេវាសាធារណៈ ជូន​ពលរដ្ឋ​ ជា​ពិសេស​សេវាខាង​សុរិយោដី

ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដី ឱមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត។

ការជំរុញ​ញបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំនៅ​សាលា​រាជធានី​ភ្នំពេញ​ ស្តីពីការពិភាក្សាលើការ​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ ជា​ពិសេស​សេវាសុរិយោដី​ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាជធានីភ្នំពេញ​ ឱ្យ​កាន់​តែ​ល្អប្រសើរ​ថែម​ទៀត កាលពីរសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលមានការចូលរួមពីលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ​។ 

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់​ពី​ស្តាប់​របាយការណ៍​ របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ស្តីពី​វឌ្ឍនភាព​នៃការ​ផ្តល់​សេវា​សុរិយោដី​រួច​មក​ លោក​ គង់​ វិបុល​ បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​គឺ​ជា​រឿងល្អ​បំផុត​ធ្វើ​យ៉ាងណា​ ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាច​បន្ស៊ី​ការងារ​របស់​ខ្លូន​ និង​ពិភាក្សា​រិះរក​មធ្យោបាយ​ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ ជូន​ប្រជាពលរដ្ឋ​បាន​កាន់​តែ​ល្អ​ប្រសើរ​។ ជាមួយ​គ្នា​នេះ ក៏មានការ​ធ្វើ​បទបង្ហាញ​ខ្លី ​ស្តីពី​យន្ត​ការ​នៃការ​ផ្តល់​សេវា​បង់​ពន្ធ​ប្រថាប់ត្រា​ និងការ​បង់​ពន្ធ​នានា​ដែល​អគ្គ​នាយក​ដ្ឋាន​បាន​នឹង​កំពុង​អនុវត្ត​ដោយ​ប្រើប្រាស់ ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ហើយ​ផ្តល់​លទ្ធភាព​ជូន​មន្ត្រី​ និង​ប្រជាពលរដ្ឋ​អាច​មើលឃើញ ​ពី​លំហូរ​ចរន្ត​ការ​លិខិត​ស្នាម​បាន​ដោយ​ងាយស្រួល​។ 

កិច្ចប្រជុំនេះដែរ​ លោក​ ឃួង​ ស្រេង​ បាន​ផ្តល់​យោបល់​ថា គួរមាន​យន្តការ​ទំនាក់ទំនង​ផ្ទៃក្នុង ​រវាង​មន្ត្រី​ផ្តល់​សេវា​ទាំង​ភាគី​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ទាំង​អង្គ​ភាព​ច្រកចេញ​ចូល​តែមួយ​ និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ដើម្បី​ជំរុញ​នីតិវិធី​ផ្តល់​សេវា ​ជូន​ប្រជាពលរដ្ឋ​កាន់​តែល្អប្រសើរ​ ហើយ​ការ​លើកឡើង​នេះ ​ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី​លោកម​ គង់​ វិបុល​ ផងដែរ។ 

ជាមួយ​គ្នា​នេះដែរ​ លោក ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ ពិសេសការផ្ដល់សេវាសុរិយោដី​ និង​ជំរុញផ្សព្វផ្សាយបន្ថែម ពីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញផងដែរ៕

To Top