ព័ត៌មានជាតិ

ក្រសួងអប់រំ ចាំបាច់ដាក់ចេញ “គំរូអធិការកិច្ចសាលារៀនបែបថ្មី”

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ក្រសួងមានភាពចាំបាច់ដាក់ចេញនូវ “គំរូអធិការកិច្ចសាលារៀនបែបថ្មី” ដើម្បីគាំទ្រដល់ការលើកកម្ពស់កំណែទម្រង់សាលារៀន ដែលជាប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មី ។

ក្នុងកិច្ចប្រជុំ ស្តីពី ការរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មីដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពអប់រំ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានរំលេចថា កិច្ចប្រជុំមានគោលដៅ ពិនិត្យនិងពង្រឹងការអនុវត្តយន្តការអធិការកិច្ចសាលារៀន សំដៅជំរុញឱ្យបាននូវប្រព័ន្ធអធិការកិច្ចមួយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំជាលក្ខណៈប្រព័ន្ធ ដោយចាប់ផ្តើមពីការដាក់ចេញវិធានការ ដើម្បីពង្រឹងគុណភាពអប់រំសាលារៀននៅរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការអនុវត្តគំរូអធិការកិច្ចបែបថ្មី ដែលភ្ជាប់ជាមួយនឹងអ្វីដែលបានអនុវត្តល្អនៅក្នុងគម្រោង ទៅនឹងក្របខ័ណ្ឌសាលារៀនទូទៅ។

កិច្ចប្រជុំបានរំលេចចំណុចគន្លឹះមួយចំនួនបន្ថែមទៀតដូចជា ៖ ការដាក់ចេញ “គំរូអធិការកិច្ចសាលារៀនបែបថ្មី” នឹងរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធសាស្ត្រលើកកម្ពស់ស្តង់ដាសាលារៀនទូទាំងប្រទេស ។ ក្នុងនោះ ក៏មានការទទួលស្គាល់គុណភាពសាលារៀន , ការពង្រឹងវិជ្ជាជីវៈអធិការដែលសំដៅកែលម្អការបង្រៀននិងរៀន , ការគ្រប់គ្រងសាលារៀន , លើកកម្ពស់គុណភាពសិក្សារបស់សិស្ស , ការលើកទឹកចិត្ត , ការគាំទ្រសាលារៀន និងការដាក់ទណ្ឌកម្មវិន័យ។

ជាមួយគ្នានេះ ការកែលម្អគុណភាពសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស ទាមទារឱ្យមានប្រព័ន្ធត្រួតពិនិត្យ និងកែលម្អជាប្រចាំ ប្រកបដោយវិជ្ជាជីវៈ។ អធិការកិច្ចសាលារៀន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ស្តង់ដាអប្បបរមាត្រូវបានអនុវត្ត , ការកំណត់គម្លាតខ្វះខាតក្នុងការបង្រៀននិងការរៀន និងការគាំទ្រសាលារៀន ដើម្បីកែលម្អការអនុវត្តប្រព័ន្ធប្រកបដោយនិរន្តរភាព៕

To Top