ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រចេះ រក្សាធនធានសត្វផ្សោតទន្លេមេគង្គ

ក្រចេះ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ រក្សាធនធានសត្វផ្សោតទន្លេមេគង្គ និងខិតខំរកមុខរបរឲ្យប្រជានេសាទ ជំនួសឲ្យមុខរបរនេសាទ ធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ។

ការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង ចំនួន ៦១០នាក់ ជាបន្តទៀត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ពិធីនេះបានប្រារព្ធឡើងនៅទីរួមខេត្តស្ទឹងត្រែង។

សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ជាពិសេសខេត្តស្ទឹងត្រែងត្រូវសហការជាមួយខេត្តក្រចេះ ក្នុងការរក្សាធនធានសត្វផ្សោតទន្លេមេគង្គ និងខិតខំរកមុខរបរឲ្យប្រជានានានេសាទ ជំនួសឲ្យមុខរបរនេសាទដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិដែលត្រូវអភិរក្ស។

សម្ដេចតេជោ បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។

សម្ដេចតេជោ ក៏បានបន្តឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសឡាវ ដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំង២ នៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរ៕

To Top