Feature

សម្តេច ឃួន សុដារី ៖ រដ្ឋសភាធ្វើកំណែទម្រង់ និងទំនើបកម្ម ដើម្បីប្រសិទ្ធភាព ការងារបម្រើជាតិ

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី មានប្រសាសន៍ថា រដ្ឋសភាបានធ្វើកំណែទម្រង់និងទំនើបកម្ម ដើម្បីប្រសិទ្ធភាពការងារ បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេច ឃួន សុដារី បានបង្ហាញការពេញចិត្ត និងមោទនភាព ចំពោះលទ្ធផលល្អប្រសើរ កើតចេញពីការអនុវត្តកម្មវិធី កំណែទម្រង់យ៉ាង ស្វាហាប់របស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសម្រេចបានសមិទ្ធផលធំៗ ជាច្រើន ស្របតាមគោលនយោបាយកំណែ ទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

សម្តេចប្រធានរដ្ឋសភាបន្តថា ដំណើរការ នៃការធ្វើកំណែទម្រង់នៅរដ្ឋសភា មិនមែនធ្វើឡើងដោយចៃដន្យនោះទេ ប៉ុន្តែផ្អែកលើការពិនិត្យសិក្សារកឫសគល់នៃបញ្ហា ដើម្បីស្វែងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ ។ យុទ្ធសាស្ត្រនេះ រួមបញ្ចូលទាំងទិដ្ឋភាពគតិយុត្តិ នីតិវិធី ផ្នត់គំនិត របៀបរបបការងារ សមត្ថភាព សម្ភារបរិក្ខារ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អលំហូរការងារ បង្កើនប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈការវិភាគមុខងារ និងបរិវត្តកម្មឌីជីថល ជាពិសេសចក្ខុវិស័យរយៈពេលវែង គឺការកសាងគ្រឹះឆ្ពោះទៅរក «សភាអេឡិចត្រូនិក» (e-Parliament) ដែលទាមទារប្រព័ន្ធអេកូឡូស៊ីពេញលេញ ទាំងជំនាញ នីតិវិធី ប្រព័ន្ធទិន្នន័យ និងសន្តិសុខសាយប័រ។

សម្តេចប្រធានសង្កត់ធ្ងន់ថា ប្រព័ន្ធការងារដែលរឹងមាំ ប៉ុន្តែខ្វះមនុស្ស មានសមត្ថភាព គឺមិនអាចដំណើរការ ទៅមុខបានឡើយ។ ក្នុងន័យនេះ រដ្ឋសភាបានធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួន ដោយបានពង្រឹងទាំងស្ថាប័ន និងធនធានមនុស្សទន្ទឹមគ្នា ក្រោមអភិក្រម «ការរៀនសូត្រ តាមរយៈការអនុវត្តជាក់ស្តែង» ដែលមន្ត្រីមិនត្រឹម តែទទួលចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចំណេះដឹងនោះទៅអនុវត្តផ្ទាល់ ដោះស្រាយបញ្ហា និងរួមចំណែកដល់ការកែទម្រង់ ។ ចំពោះការអនុវត្តជាក់ស្តែង ដំណើរការកំណែទម្រង់នេះត្រូវបានធ្វើឡើងក្នុងពីរកម្រិត គឺកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋាន។

សម្រាប់កម្រិតរដ្ឋសភាសម្តេចបញ្ជាក់ដែរថា ការងារដំបូងបង្អស់គឺការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិគន្លឹះ រួមមាន បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ការកែសម្រួលសេចក្តីសម្រេចអំពីតួនាទីភារកិច្ចរបស់គណៈកម្មការ បែបបទការងារ និងនីតិវិធីនៃការចុះបេសកកម្មរបស់គណៈកម្មការនានា ដើម្បីធានាដំណើរការប្រព្រឹត្តទៅបានរលូន និងឆ្លើយតបទាន់ពេលទៅនឹងការផ្លាស់ប្តូរបរិបទសង្គម៕

To Top