សម្តេចធិបតី ៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យ SMEs ជាអាទិភាពសំខាន់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាពិតជាមានសារៈសំខាន់ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ។
ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB)បានបង្ហាញបំណងរបស់ក្រុមហ៊ុន Sinopec (China) ក្នុងការស្វែងរកឱកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាផែនការរបស់សមាគម និងក្រុមហ៊ុន ក្នុងការចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាលើវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជា ៖ សេដ្ឋកិច្ចឌីជីថល , ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនេះ, សមាគម និងក្រុមហ៊ុនក៏មានផែនការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច របស់សហគ្រាសចិនមកកាន់កម្ពុជានាពេលខាងមុខផងដែរ។
ជាការឆ្លើយតប, សម្តេចធិបតីស្វាគមន៍បំណងរបស់សមាគម និងក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា និងការចាប់យកដៃគូសហប្រតិបត្តិការជាមួយ SMEs កម្ពុជា។
សម្តេចធិបតីគូសបញ្ជាក់ថា វិស័យSMEs នេះ ពិតជាមានសារៈសំខាន់ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ SMEs ក្នុងការផលិតផលិតផលគាំទ្រក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផងដែរ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគម និងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិត និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា៕













