Feature

ក្រុមក្មេងទំនើង ៧នាក់ ដេញកាប់យុវជនម្នាក់របួសធ្ងន់នៅស្រុកកោះញែក សមត្ថកិច្ចឃាត់ខ្លួនបាន ៥នាក់ និងកំពុងតាមចាប់ខ្លួន ២នាក់ទៀត

មណ្ឌលគិរី៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវក្រុមក្មេងទំនើងមួយក្រុមប្រដាប់ដោយពូថៅនិងកាំបិតដេញកាប់នៅតាមផ្លូវក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងឆាប់រហ័ស ដោយឃាត់ខ្លួនជនសង្ស័យបាន ៥នាក់ ខណៈ ២នាក់ទៀតកំពុងរត់គេចខ្លួន។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកោះញែក បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧:៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចចម្ជូរង៉ារ ស្ថិតក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមានឈ្មោះ រិ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក។ ជនរងគ្រោះបានរងរបួសធ្ងន់ ដោយត្រូវកាប់ចំភ្លៅខាងស្តាំ បណ្តាលឱ្យមានរបួសជ្រៅ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យមានចំនួន ៧នាក់ ក្នុងនោះឃាត់ខ្លួនបាន ៥នាក់ រួមមាន ឈ្មោះ ថន ថេវ៉ាន់ អាយុ១៨ឆ្នាំ ដែលជាជនដៃដល់ រួមជាមួយបក្ខពួក ៤នាក់ទៀត។ ចំណែកជនសង្ស័យ ២នាក់ គឺឈ្មោះ លិង ចាន្ទ្រា និង កំផា លីដា បានរត់គេចខ្លួន ហើយកម្លាំងនគរបាលកំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ២គ្រឿង និងពូថៅចំនួន ១ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះ។

តាមការបំភ្លឺរបស់សាក្សី ដែលជាអ្នករួមដំណើរជាមួយជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានជួបជុំគ្នានៅតំបន់ភូមិរយ៉។ លុះដល់ពេលយប់ ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿងដេញតាម។ ក្នុងពេលនោះ ឈ្មោះ ថន ថេវ៉ាន់ បានទាញអាវុធមុតស្រួចកាប់ទៅលើជនរងគ្រោះ ចំគល់ភ្លៅ បណ្តាលឱ្យរងរបួសធ្ងន់។ ជនរងគ្រោះបានព្យាយាមរត់ចូលផ្ទះប្រជាពលរដ្ឋដើម្បីសុំជំនួយ ខណៈក្រុមជនបង្កបាននាំគ្នាជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានចុះអន្តរាគមន៍ និងបើកការស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈជនសង្ស័យ ២នាក់ទៀត កំពុងត្រូវបានតាមចាប់ខ្លួន៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top