Feature

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសត្វពាហនៈ ជូនពលរដ្ឋ នៅស្រុកកងមាស

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក សត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅបរិវេណវត្តមុនីវ័នស្វាយស្រណោះ ស្ថិតក្នុងភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ដើម្បីការពារនូវជម្ងឺ ឆ្លងរាតត្បាតផ្សេងៗ ដែលតែងតែកើតមានឡើងលេីសត្វពាហនៈ ក្នុងរដូវវស្សា។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បីចាក់វ៉ាក់សាំងការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ការថែទាំសុខភាពខ្លួនឱ្យបានល្អ ដើម្បីមានអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការសំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីមួយកើតឡើង ត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

យោងតាម លោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា នៅឃុំរកាអារ ស្រុកកងមាស មានគោចំនួន ៦១៤ក្បាល ហើយសត្វ ដែលនឹងត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះ គឺមានចំនួន ២ភូមិ ដែលមានគោចំនួន ១៤០ក្បាល ។ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងគោក្របី មន្ត្រីជំនាញតែងតែធ្វើនៅក្នុងរដូវវស្សា ជាពិសេសមុនពេលទឹកឡើង ព្រោះមេរោគ មួយចំនួនបានហូរតាមទឹក ដែលធ្វើឱ្យគោក្របីផឹកទឹកនោះហេីយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺសារ ជំងឺអុតក្តាមជាដើម ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top