Feature

សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំបាឋកថាស្តីពី “អក្សរផ្ចង់ចិន” ដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «វប្បធម៌ចិន៖ អក្សរផ្ចង់» ដោយមានការចូលរួមពីសិក្ខាកាមជិត ១០០រូប។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីសិល្បៈអក្សរផ្ចង់ និងវប្បធម៌ចិនដល់សាធារណជនកម្ពុជា ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។

លោក លី ហួត ប្រធានសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា បានធ្វើបទបង្ហាញ និងបង្ហាញផ្ទាល់ពីបច្ចេកទេសសរសេរអក្សរផ្ចង់ តាមក្បួនប្រពៃណីជូនដល់សិក្ខាកាមដែលបានចូលរួម។

លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីការអប់រំ កម្ពុជា-អាស៊ាន-ចិន បានកោតសរសើរចំពោះស្នាដៃរបស់លោក លី ហួត ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សសិល្បៈបុរាណចិននៅកម្ពុជា ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងតែខិតខំផ្សព្វផ្សាយចំណេះដឹង និងទស្សនវិជ្ជាចិនតាមរយៈការបោះពុម្ពសៀវភៅជាភាសាខ្មែរជាច្រើនកន្លងមក។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពន្យល់ពីសាវតារដ៏យូរលង់នៃអក្សរចិន ដែលមានដើមកំណើតតាំងពីសម័យរាជវង្សសាង (សតវត្សរ៍ទី១៤-ទី១១ មុនគ្រិស្តសករាជ) តាមរយៈភស្តុតាង «អក្សរលើឆ្អឹងទស្សន៍ទាយ»។ លោកបានសង្កត់ធ្ងន់ថា អក្សរចិនគឺជាកេរដំណែលដែលរក្សាទុកនូវប្រវត្តិសាស្ត្រ អក្សរសាស្ត្រ និងទស្សនវិជ្ជាចិនអស់រយៈពេលជាង ៣,០០០ ឆ្នាំ។

  • លោកបណ្ឌិតបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមបានយល់ស្របគ្នាថា ការសរសេរអក្សរផ្ចង់ចិន ឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសំខាន់ៗចំនួន ៤ គឺ៖
  • ការលត់ដំផ្លូវចិត្តឱ្យស្ងប់ស្ងាត់
  • ការបណ្តុះចិត្តអំណត់និងច្នៃប្រឌិត
  • ការចេះរៀបចំផែនការ និងយុទ្ធសាស្ត្រ
  • ការបន្តវេនមរតកវប្បធម៌ទៅកាន់មនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ថា បាឋកថា ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមូលនិធិចិន Peaceland, វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង, សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងអង្គភាពពាក់ព័ន្ធនានានេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់ និងជំរុញការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

សកម្មភាពនេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ការរៀនសូត្រទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន តាមរយៈការចែករំលែកអរិយធម៌ដ៏មានតម្លៃនៃប្រទេសទាំងពីរ៕

To Top