Feature

កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេល ដោយចេតនារបស់ខ្លួន ហើយត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញ

ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញ ដោយសុច្ឆន្ទៈ។

យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូច ខាងក្រោម៖

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុង សប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។

អ្នកនាំពាក្យ ក្រសួងការបរទេស បានឱ្យដឹងថា «ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួច ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទ ហើយរវាងប្រទេសទាំងពីរ ឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការ អនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារ ខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ!។

ការអំពាវនាវនេះ ក៏ត្រូវបានលើកឡើងផងដែរនៅក្រៅតំបន់។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភានៃប្រទេសនិយាយភាសាបារាំងបានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញ ការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀត។

សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាម អនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាម អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។

ក្រសួង បន្ថែមថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕

To Top