សម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងកើនឡើង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបាននិងកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សម្ដេចតេជោលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យបន្តថា “សម្ដេចតេជោ ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើងហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត” ។
ក្នុងឱកាសនោះ ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន មានសមាជិកជាង១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងកម្ពុជា-អាមេរិក កំពុងដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ចង់ចូលរួមវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បន្ថែមថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចតេជោនេះ ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។ ក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា និងដៃគូក្រុមហ៊ុនមួយចំនួនទៀត ។
ក្នុងឱកាសនោះ សម្តេចតេជោពេញចិត្តចំពោះការលើកឡើងរបស់លោក Brian D. McFeeters នូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងកម្ពុជា-អាមេរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចតេជោសង្ឃឹមថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅកម្ពុជាកាន់តែច្រើន ដោយសម្ដេចតេជោកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅកម្ពុជាផ្ដោតលើផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បានគឺការធ្វើនវានុវត្តន៍នេះឯង។
សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់សរុបជាង ៧,៤ ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៣១,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕



















