លោក ឆាយ គឹមម៉ុង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បាកាន ដើម្បីបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តក្នុងខែសីហា ឆ្នាំ២០២៦
ខេត្តពោធិ៍សាត់៖ ដើម្បីជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចស្រុកបាកាន លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។

ក្នុងកិច្ចប្រជុំ បានផ្តោតលើការងារសំខាន់ៗ ដូចខាងក្រោម៖
បន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បញ្ហាក្មេងទំនើងនៅតាមសាលារៀន ឱ្យកាន់តែមានប្រសិទ្ធភាព។
អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីសម្អាតអនាម័យ និងបរិស្ថាន ស្តារគម្របព្រៃឈើឡើងវិញ តាមរយៈការដាំដើមឈើ និងថែទាំ ស្រោចទឹក ធានាឱ្យដើមឈើលូតលាស់បានល្អ។
ពង្រឹងការក្តាប់មុខសញ្ញា និងទីតាំងដែលបង្កឱកាសឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបង្ក្រាប និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យសកម្មភាពទាំងនោះកើតឡើងវិញ។
បន្តពង្រឹង និងជំរុញការនាំទឹកសម្រាប់ស្រោចស្រព និងបែងចែកទឹកតាមផែនការ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋឱ្យបានអស់លទ្ធភាព និងប្រកបដោយការសន្សំសំចៃខ្ពស់បំផុត ខណៈដែលកូនរដូវប្រាំងកំពុងអូសបន្លាយ។
ខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ទាំងសេវាអត្រានុកូលដ្ឋាន ការបញ្ជាក់នីត្យានុកូលភាពឯកសារគ្រប់ប្រភេទ សេវាចុះបញ្ជីដីធ្លី និងសេវាអត្តសញ្ញាណប័ណ្ណ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន៕



ប្រភព÷រដ្ឋបាលស្រុកបាកាន|ដោយ÷ធឿន/ដើមអម្ពិល









