ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ អនុម័តគម្រោងថ្មីចំនួន ១០ មានទុនជាង ៧២លានដុល្លារ និងបង្កើតការងារជិត ៨០០កន្លែង
ភ្នំពេញ៖ កិច្ចប្រជុំលើកទី ២៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចឯកភាពលើគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១០បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង ៧២លានដុល្លារអាមេរិក និងរំពឹងថានឹងជួយបង្កើតឱកាសការងារថ្មីៗជូនប្រជាពលរដ្ឋប្រមាណ ៨០០កន្លែង ក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) រោងចក្រកែច្នៃលោហធាតុ រោងចក្រកែច្នៃក្តារបន្ទះ គម្រោងរមណីយដ្ឋាន និងរីសត សណ្ឋាគារ និងគម្រោងអគារស្នាក់នៅរួម។

លើសពីនេះ របាយការណ៍ដដែលបានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ នេះ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងសរុបចំនួន ៤៩១គម្រោង រួចមកហើយ ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណ ៨,៤ ប៊ីលានដុល្លារ និងអាចបង្កើតឱកាសការងារជាង ៦ម៉ឺនកន្លែង។ ក្នុងចំណោមនោះ មានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦គម្រោង គម្រោងថ្មីដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២៣៥គម្រោង គម្រោងពង្រីកចំនួន ២៥ និងគម្រោងមានស្រាប់ចំនួន ១៥។

នៅក្នុងនោះដែរ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើង ពីបរិយាកាសវិនិយោគបច្ចុប្បន្ននៅខេត្តព្រះសីហនុ កំពុងមានសញ្ញាណវិជ្ជមាន។ តាមរយៈការជួបសម្ភាសន៍ដោយផ្ទាល់ អ្នកវិនិយោគបានបង្ហាញការជឿជាក់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ពិតជាបាននិងកំពុងជួយស្តារទំនុកចិត្តឡើងវិញ ដែលធ្វើឱ្យសកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ ទេសចរណ៍ និងឧស្សាហកម្ម នៅបន្តមានសកម្មភាពយ៉ាងសកម្ម។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ វិស័យឧស្សាហកម្មក្នុងខេត្ត មាននិន្នាការងាកមកប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន ដូចជា ឈើដាំ កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និងអំបិលជាដើម ដែលនេះជាកាលានុវត្តភាពថ្មីមួយ ទាមទារឱ្យមានការជំរុញ និងគាំទ្របន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយបញ្ហាជូនវិនិយោគិន “ជាកញ្ចប់” ដោយភាពបុរេសកម្ម និងតម្លាភាព។

ជាចុងបញ្ចប់ ក្រុមការងារបានបន្តអំពាវនាវ និងលើកទឹកចិត្តដល់ធុរជន ព្រមទាំងវិនិយោគិនទាំងអស់ ឱ្យអញ្ជើញមកដាក់ពាក្យស្នើសុំការលើកទឹកចិត្ត និងការសម្រួលនីតិវិធីផ្សេងៗ ដោយឥតគិតថ្លៃ តាមរយៈការិយាល័យក្រុមការងារប្រចាំក្រុងព្រះសីហនុ ឬទីស្នាក់ការនៅរាជធានីភ្នំពេញ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ ក្នុងខណ្ឌជ្រោយចង្វារ៕









