សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសង្ឃឹមថា អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា នឹងបានឃើញពីទិដ្ឋភាព ជាក់ស្តែងផ្ទាល់ភ្នែក ពីស្ថានភាពរស់នៅ របស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានឈានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា អ្នករាយការណ៍ពិសេស អ.ស.ប.បានតាមដានយ៉ាងយកចិត្តទុក ដាក់ចំពោះស្ថានភាពវិវត្តន៍ព្រំដែន រវាងកម្ពុជា-ថៃ ដោយលោកបានបង្ហាញការ ចាប់អារម្មណ៍ចង់ ចុះទៅពិនិត្យស្ថានភាពរស់នៅរបស់ជនភៀសកម្ពុជាដែលរងការលំបាកដោយសង្គ្រាមឈ្លានថៃមកលើកម្ពុជា។ លោក លោក ថូម៉ាស់ អេនឌ្រូ ចង់ទៅឃើញទិដ្ឋភាពជាក់ស្តែងផ្ទាល់ភ្នែកអំពីការរស់នៅរបស់ជនភៀសសឹក។

ជាការឆ្លើយតប សម្តេចតេជោ បានពេញចិត្ត ចំពោះការលើកឡើងរបស់លោក ថូម៉ាស់ អេនឌ្រូដែលមានបំណង ចុះទៅផ្ទាល់ ដើម្បីសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ។

អ្នកនាំពាក្យបន្តថា “សម្តេចតេជោសង្ឃឹមថា លោក ថូម៉ាស់ អេនឌ្រូនឹងបានឃើញអំពីទិដ្ឋភាពជាក់ស្តែងថា តើប្រជាជនកម្ពុជាដែលជាជនភៀសសឹកនោះ ទទួលរងនូវផលប៉ះពាល់និងភាពពិតប្រាកដលំបាក យ៉ាងដូចម្តេចនៅចំពោះភ្នែកលោកផ្ទាល់តែម្តង” ។
ទាក់ទងបញ្ហាព្រំដែននេះទៀត សម្តេចតេជោបានពន្យល់ជាសារបានដល់លោក ថូម៉ាស់ អេនឌ្រូអំពីការកើតឡើងជម្លោះរវាងកម្ពុជា-ថៃឱ្យកាន់តែយល់បន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មានពលរដ្ឋជាជនភៀសចំនួន២០.២៨១នាក់ទៀត ក្នុងនោះស្រី្ត១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ៕










