នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍ចំពោះក្រុមហ៊ុនអាម៉េរិក ស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅប្រទេសកម្ពុជា។

ការស្វាគមន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, គណៈប្រតិភូ USABC បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា និង ទិសដៅយ៉ាងត្រឹមត្រូវ។

ជាមួយគ្នានោះ, គណៈប្រតិភូ USABC បានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ គណៈប្រតិភូ USABC ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិកនៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។

គណៈប្រតិភូ USABC ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងវិស័យ SMEs ផងដែរ។
ជាមួយគ្នានោះ, បណ្ដាក្រុមហ៊ុននៃគណៈប្រតិភូ USABC ដែលកំពុងវិនិយោគនៅកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីអំពីការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ជាមួយកម្ពុជាបន្ថែមទៀត ដើម្បីបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិក ដែលបានជឿជាក់ និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។
បន្ថែមលើនោះ, សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។
ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូ USABC អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទៅដល់ភាពជោគជ័យរបស់បណ្ដាវិនិយោគិននៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអនុគ្រោះពន្ធ, ការកែទម្រង់ស្ថាប័ន, និងការធ្វើសាមញ្ញកម្មនីតិវិធី ដើម្បីសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិន ក៏ដូចជារក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងការប្រកួតប្រជែងដោយស្មើភាពរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា៕









