Feature

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារ​ចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋ​នៅឃុំស្រឡៅ និងឃុំទ្រៀល ដែលប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ

កំពង់ធំ ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរឃុំស្រឡៅ និងឃុំទ្រៀល ចុះពិនិត្យ និងចាត់ចែងនាំទឹកបញ្ចូលស្រែប្រាំងរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុរាំងស្ងួត និងគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ។

កិច្ចអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីការរីងស្ងួតនៃប្រភពទឹក និងការព្រួយបារម្ភ​របស់ប្រជាពលរដ្ឋអំពីផលដំណាំស្រូវរបស់ពួកគាត់ ហើយសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក ចំពោះទុក្ខលំបាក​របស់ប្រជាកសិករ ដែលពឹងផ្អែកលើវិស័យកសិកម្ម​ជាចម្បង។ ការខ្វះខាតទឹកអាចបង្កឱ្យ​ដំណាំស្រូវរងការខូចខាត និងប៉ះពាល់ដល់ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ។ ដូច្នេះការអន្តរាគមន៍ទាន់ពេលវេលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះផលដំណាំ និងធានាសន្តិសុខស្បៀងក្នុងតំបន់។

នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យក្រុមការងារប្រើប្រាស់មធ្យោបាយដែលមានស្រាប់ ដើម្បីបូម និងបង្ហូរទឹកពីប្រភពទឹកដែលនៅជិតបំផុត ចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ 

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់រដូវដាំដុះបន្តបន្ទាប់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ រំពឹងថាផលដំណាំស្រូវរបស់ប្រជាពលរដ្ឋនឹងអាចរួចផុតពីការខូចខាត និងធានាបាននូវទិន្នផលល្អប្រសើរ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំទាំងពីរ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរស្រុក និងឃុំ ដែលបានចុះមកដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ទាន់ពេលវេលា៕

ដោយ៖ សំនៀង

To Top