Feature

ក្រុមការងារដែលជម្រកសត្វព្រៃ ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារជំនាញដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក រួមជាមួយមន្ត្រីចំនួន ០៤រូប បានចុះប្រតិបត្តិការបង្ក្រាបទីតាំងរុករករ៉ែដោយខុសច្បាប់មួយកន្លែង ស្ថិតក្នុងតំបន់ការពារធម្មជាតិ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុច វាលស្រែសេនាប្រមុខ (កូអរដោនេ/លេខយាមកា៖ 442505-1505955) ស្ថិតក្នុងភូមិអរចាក់ស្រា ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

វត្ថុតាងដែលត្រូវបានដកហូតនៅក្នុងប្រតិបត្តិការបង្ក្រាបខាងលើ មន្ត្រីជំនាញបានធ្វើការរឹបអូស និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖

  • ម៉ាស៊ីនបូមទឹក៖ ០២ គ្រឿង
  • ម៉ាស៊ីនភ្លើង៖ ០១ គ្រឿង
  • ម៉ូទ័រ៖ ០១ គ្រឿង
  • ម៉ូទ័របូមទឹក៖ ០១ គ្រឿង
  • ម៉ូតូ៖ ០១ គ្រឿង
  • សំណាករ៉ែ៖ ប្រមាណ ៥០ គីឡូក្រាម

ដោយឡែក ម៉ាស៊ីនខួងរុករករ៉ែមួយចំនួនទៀត មិនទាន់អាចដឹកជញ្ជូនចេញពីទីតាំងកើតហេតុបាននៅឡើយ ដោយសារជួបការលំបាកលើមធ្យោបាយដឹកជញ្ជូន។ បច្ចុប្បន្ន វត្ថុតាងដែលប្រមូលបានត្រូវបាននាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ ស្នាក់ការថ្មគ្រោង នៃដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក។

ក្នុងពេលប្រតិបត្តិការ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ព្រមទាំងរៀបចំផែនការដឹកជញ្ជូនវត្ថុតាងដែលនៅសេសសល់មករក្សាទុកផងដែរ។

យោងតាម ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មរ៉ែ និង ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ អំពើធ្វើអាជីវកម្មរ៉ែដោយគ្មានអាជ្ញាប័ណ្ណ ឬការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងតំបន់ការពារ រាប់ជា បទល្មើសព្រហ្មទណ្ឌ។

អ្នកប្រព្រឹត្តិបទល្មើសអាចប្រឈមមុខនឹង ការផ្តន្ទាទោសដាក់ពន្ធនាគារ (ចាប់ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ឬលើសពីនេះ ផ្អែកលើទំហំនៃការខូចខាត) ព្រមទាំង ការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងតម្រូវឱ្យសងជំងឺចិត្តចំពោះការខូចខាតបរិស្ថាន។ វត្ថុតាង និងឧបករណ៍ធ្វើសកម្មភាពទាំងអស់ នឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

នាឱកាសនោះ លោក នង វុទ្ធា បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ៖
«សូមមេត្តារួមគ្នាស្នេហា និងចូលរួមថែរក្សាការពារបរិស្ថាន ព្រៃឈើ និងជីវៈចម្រុះនៅក្នុងព្រៃធម្មជាតិរបស់យើង។

ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងធានាបាននូវនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ សួន ពិសិត៖ ដើមអម្ពិល

To Top