៦ខែ តុលាការគ្រប់ជាន់ថ្នាក់ ទទួលសំណុំរឿង ជាង១០ម៉ឺនសំណុំរឿង
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំង ប្រទេសទទួលបាន សំណុំរឿងសរុបចំនួន ១២៩ ១៣៧ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៨១ ៤១៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវបានប្រកាស ដាក់ចេញព្រមគ្នា ដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ។ គិតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ យុទ្ធនាការទាំង២ ត្រូវបានអនុវត្តយ៉ាង សកម្មរយៈពេល២ឆ្នាំ៦ខែ មកហើយ ។
ក្រសួងយុត្តិធម៌បញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសទទួលបាន សំណុំរឿងសរុបចំនួន ១២៩ ១៣៧ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៨១ ៤១៥ សំណុំរឿង ស្មើនឹង៦៣,០៥% ។ ក្នុងចំណោមសំណុំរឿងសរុបទាំងនេះ រួមមាន ៖ សំណុំរឿងព្រហ្មទណ្ឌចំនួន ៦៥ ១៩៩ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៤៤ ៦៨៩ សំណុំរឿង ស្មើនឹង ៦៨,៥៤%។ សំណុំរឿងរដ្ឋប្បវេណីចំនួន ៦៣ ៩៣៨ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៣៦ ៧២៦ សំណុំរឿង ស្មើនឹង ៥៧,៤៤%៕









