លោក ប៉ែន បូណា លើកទឹកចិត្តយុវជន យកការសិក្សាជាលក្ខខណ្ឌដើម្បីសម្រេចក្តីស្រមៃ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានលើកឡើងថា យុវជនត្រូវមានក្តីស្រមៃខ្ពស់ថា ពេលរៀនចប់នឹងមានការងារល្អ និងទទួលបានប្រាក់ខែច្រើន ហើយនឹងមានអ្វីៗដែលខ្លួនចង់បាន»។ ដូច្នេះត្រូវយកការសិក្សាជាលក្ខខណ្ឌដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។
ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» លោក ប៉ែន បូណា ថ្លែងថា ការតាំងចិត្តយ៉ាងមុតមាំក្នុងការសិក្សា នឹងសម្រេចបាននូវក្តីស្រមៃដែលចង់បាននាពេលអនាគត។ តែសូមកុំយកក្តីស្រមៃរបស់ខ្លួនដែលចង់បានវត្ថុអ្វីមួយទៅដាក់បន្ទុកលើឪពុកម្តាយឱ្យសោះ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំ៥ ហើយមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញឱ្យច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយ ត្រូវមានទំនាក់ទំនងល្អក្នុងសង្គមការងារនិងការរស់នៅ មានសីលធម៌ល្អ មានសុខភាពល្អ និងមានស្មារតី មនសិការស្នេហាជាតិ។
លោកបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសជាច្រើនរួចហើយ ដើម្បីឱ្យយុវជនអភិវឌ្ឍន៍ខ្លួនក្លាយជាមូលធនមនុស្ស។ ប៉ុន្តែ អ្វីដែលនៅសល់ គឺកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯង។
សូមបញ្ជាក់ថា បាឋកថានេះធ្វើឡើងក្នុងគោលបំណងឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា , លើកទឹកចិត្តដល់សមណនិស្សិត-និស្សិត ឱ្យអភិវឌ្ឍន៍ខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល , យល់ដឹងពីសារៈសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕













