កម្ពុជា និង ADB ជំរុញភាពជាដៃគូលើវិស័យទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផ្ទេរបច្ចេកវិទ្យា
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Pavit Ramachandran អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងបានពិភាក្សាកិច្ចសហប្រតិបត្តិការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍវិស័យទឹកស្អាត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ភាគីទាំងពីរ បានពិភាក្សាអំពីការរៀបចំគម្រោងរបស់ ADB ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ របៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការកែទម្រង់វិស័យទឹកស្អាត និងវិធានការគោលនយោបាយ ដើម្បីពង្រឹងភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម ខណៈកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោក រដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដោយចាត់ទុកប្រព័ន្ធស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ សមត្ថភាពធ្វើតេស្តវិភាគ អធិការកិច្ច វិញ្ញាបនបត្រកម្ម និងការវាយតម្លៃទទួលស្គាល់ ជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។
លោក បានលើកឡើងថា «ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ គឺជាការវិនិយោគលើអនាគតឧស្សាហកម្មរបស់កម្ពុជា ព្រោះវាជួយពង្រឹងភាពប្រកួតប្រជែង លើកកម្ពស់គុណភាពផលិតផល និងបង្កើតឱកាសថ្មីៗសម្រាប់ការចូលទៅកាន់ទីផ្សារសកល»។
លោក Pavit Ramachandran បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តគាំទ្ររបៀបវារៈបរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជា ដោយចាត់ទុកគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិដែល ADB កំពុងរៀបចំនេះថា ជាការវិនិយោគយុទ្ធសាស្ត្រមួយ។
លោក Ramachandran បានលើកឡើងថា ប្រសិនបើរៀបចំ និងអនុវត្តបានល្អ គម្រោងនេះអាចក្លាយជាការវិនិយោគដែលនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ ជាពិសេសស្របពេលដែលកម្ពុជាកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ការកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពក្នុងស្រុកឱ្យរឹងមាំ ស្របពេលជាមួយការធ្វើសមាហរណកម្ម និងកិច្ចសម្រុះសម្រួលការទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន គឺធ្វើឡើងក្នុងពេលដ៏សមស្រប និងប្រកបដោយយុទ្ធសាស្ត្រ៕









