លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ត្រីនគរបាលនៅទូទាំងប្រទេស ដែលមានសមត្ថកិច្ច ត្រូវទទួលពាក្យប្ដឹង របស់ប្រជាពលរដ្ឋ ទោះបីជាស្ថិតនៅក្រៅម៉ោងរដ្ឋបាលក្ដី ។
ក្នុងឱកាសចូលរួមបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ សិក្សាដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោក ស សុខា ផ្តាំផ្ញើថា នៅពេលចេញបំពេញ ការងារតាមមូលដ្ឋាននានា ត្រូវយកចិត្តទុកដាក់បម្រើសេវាទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ កុំមានការរើសអើង ។
លោកបន្តថា ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវប្រកបដោយសីលធម៌ កាយវិការទន់ភ្លន់ សំដីរួសរាយរាក់ទាក់ ទឹកមុខរីករាយ ។ បើសិនជាប្រើពាក្យសំដីគំរោះគំរើយដាក់ពួកគាត់ ពិតជាមិនសាកសម ហើយក៏ពិបាកទទួលយកដែរ ។

បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា នៅពេលប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹង ត្រូវតែទទួលយកជាដាច់ខាត ទោះផុតម៉ោងធ្វើការក៏ដោយ ព្រោះដោយសារពួកគាត់ជួបបញ្ហា ទើបមករកឱ្យនគរបាល ជួយដោះស្រាយ ។
លោក ស សុខាបញ្ជាក់ថា “ចំពោះការទទួលពាក្យបណ្តឹង គឺពួកគាត់ត្រូវការយើងហើយ បានគាត់មកដាក់ពាក្យបណ្តឹង អត់ចាំថ្ងៃស្អែកឬផុតម៉ោងធ្វើការទេ គឺយើងទទួលយកសិនមក ។ ស្អែកចាត់វិធានការ សំខាន់ទទួលយក ព្រោះថាប៉ុស្តិ៍ខ្លះរត់ទៅតាមប្រតេគោដល់ផុតម៉ោងធ្វើការមិនយក”។
សូមបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅជាភាសាអង់គ្លេសថា Complain Submission System (CSS) ដើម្បីបង្កជួយពន្លឿន នីតិវិធីដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋ បានឆាប់រហ័សសំដៅ ដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ចនឹង សកម្មភាពរបស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគីពាក់ព័ន្ធ ៕









