Feature

សហគ្រិនខ្មែរ ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ

ភ្នំពេញ ៖ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។

កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងការកែលម្អយន្តការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាព និងផលវិជ្ជមានកាន់តែខ្ពស់សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម។

ថ្លែងក្នុងកិច្ចប្រជុំ លោក ហែម វណ្ណឌី បានលើកឡើងថា «ខណៈដែលកម្ពុជាកំពុងខិតខំជំរុញបរិវត្តកម្មសេដ្ឋកិច្ច សហគ្រិនភាពដើរតួកាន់តែសំខាន់ ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ យើងត្រូវបន្តសហការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីឱ្យសហគ្រិនកម្ពុជាអាចប្រែក្លាយគំនិត ទៅជាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង»។

លោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា ការអភិវឌ្ឍសហគ្រិនភាព មិនអាចផ្តាច់ចេញពីការពង្រឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាព របស់ផលិតផលបានឡើយ។ តាមរយៈការពង្រីកការគាំទ្រសម្រាប់សហគ្រិន ការពង្រឹងភាពជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី និងការបង្កើតឱកាសទីផ្សារ សហគ្រិនអាចបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតផលខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី២០នេះ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្តផ្តល់ការគាំទ្រ និងផ្តល់ទិសដៅអាទិភាព សម្រាប់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ៕

To Top