Feature

សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បង្ហាញវឌ្ឍនភាពតាមរយៈការចូលរួម និងកិច្ចសហការរួមគ្នា ក្នុងការការពារធនធានធម្មជាតិ

កំពង់ធំ:  សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ទំហំ ១៨០៣ ហិកតាមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចូលរួមរបស់ប្រជាសហគមន៍និងកិច្ចសហការរវាងសហគមន៍ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូគាំទ្រក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍មួយនេះ។

ក្នុងពេលក្រុមការងារនៃមន្ទីរព័ត៌មាន ខេត្ត កំពង់ធំ  បានចុះទៅដល់សហគមន៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានឱ្យដឹងថា ធនធានធម្មជាតិនៃសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរបស់ពួកគាត់តាមរយៈនៃការប្រមូលផល អនុផលព្រៃឈើតាមរដូវកាល ដូចជា វល្លិ ជ័រ ផ្តៅ ផ្សិត ផ្លែគុយ ផ្លែរំដួល ព្រមទាំងផ្លែឈើព្រៃជាច្រើនប្រភេទទៀត។

ជាក់ស្តែង ការប្រមូលផ្លែគុយយកទៅលក់ អាចផ្តល់ចំណូលប្រមាណពី១៥ ទៅ ៣០ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ម្នាក់ អាស្រ័យទៅតាមរដូវកាល និងបរិមាណផលដែលប្រមូលបាន។ ប្រជាសហគមន៍ បានបញ្ជាក់ថា ការទទួលបានអត្ថប្រយោជន៍ពីធនធានធម្មជាតិ គឺជាកត្តាជំរុញឱ្យពួកគាត់កាន់តែយល់ដឹងពីសារៈសំខាន់នៃការការពារ និងថែរក្សាព្រៃឈើ។

លោក ថុក សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បានឱ្យដឹងថា ប្រជាសហគមន៍បានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ តាមរយៈការចុះល្បាតជាប្រចាំ និងសហការជាមួយមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន។

ចំណែកលោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃ​មន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ការសហការរវាងមន្ត្រីឧទ្យានុរក្ស កម្លាំងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានរួមចំណែកពង្រឹងការងារចុះល្បាត និងការពារធនធានធម្មជាតិ ជាហេតុធ្វើឱ្យបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់សហគមន៍ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

លោក អេង សុវណ្ណ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ហើយបច្ចុប្បន្នវឌ្ឍនភាពរបស់សហគមន៍បានកើតចេញពីការចូលរួម និងកិច្ចសហការរវាងប្រជាសហគមន៍ មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន។ លោកបានបន្ថែមថា សហគមន៍ក៏ទទួលបានការគាំទ្រពីគម្រោង អង្គការCI និងអង្គការផ្សេងទៀត ដែលជាដៃគូគាំទ្រយ៉ាងសំខាន់ ដើម្បីជួយដល់ការចុះល្បាត ការការពារធនធានធម្មជាតិ និងការបង្កើតមុខរបរ ការសន្សំ បង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ចំណាយលើការចុះល្បាតបន្ថែមទៀត។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានចាត់ទុកថា វឌ្ឍនភាពរបស់សហគមន៍ គឺជាលទ្ធផលល្អនៃកិច្ចសហការរួម និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋ ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន។ លោកបានអំពាវនាវឱ្យមានការចូលរួមបន្តពីគ្រប់ភាគី ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ដែលមានសារៈសំខាន់ចំពោះជីវភាពប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា ទិសដៅបន្តរបស់មន្ទីរបរិស្ថាន គឺពង្រឹងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយ ការរៀបចំបោះបង្គោលព្រំប្រទល់សហគមន៍ ការរៀបចំកិច្ចព្រមព្រៀងរវាងសហគមន៍ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីសម្រាប់ការប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។

ការចូលរួមរបស់ប្រជាសហគមន៍ ការខិតខំរបស់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកិច្ចសហការគាំទ្ររបស់ដៃគូពាក់ព័ន្ធ កំពុងក្លាយជាកម្លាំងរួមដ៏សំខាន់ ក្នុងការថែរក្សាធនធានធម្មជាតិឱ្យគង់វង្ស និងធានាឱ្យសហគមន៍អាចអភិវឌ្ឍបានប្រកបដោយចីរភាព៕

ដោយ៖ សំនៀង

To Top