ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាល
ពោធិ៍សាត់៖ ពលរដ្ឋ និងយុវជនក្រីក្រជាង ៤ពាន់នាក់ទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, ការកាត់សក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានសិស្សទទួលបានអាហារូបករណ៍សិក្សាជំនាញដោយឥតគិតថ្លៃសរុបចំនួន ៤,២៨៥នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ២,១៤០នាក់។ បន្ថែមពីលើនេះជំនាញចំនួន ៣ ដែលសិស្សពេញនិយមនោះរួមមាន ជំនាញវិស័យសំណង់, ការងារកំបោរ, និងការដំឡើងបណ្ដាញបំពង់ទឹក។

ទន្ទឹមនឹងនេះ នៅដើមខែសីហា វិទ្យាស្ថានគ្រោងនឹងបើកវគ្គសិក្សាសារជាថ្មី ដែលនឹងបណ្ដុះបណ្ដាលជំនាញចំនួន៩ រួមមាន៖ ការងារកំបោរ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, ការកាត់សក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក, ការថែទា និងចិញ្ចឹមត្រីប្រា, និងសេវាកម្មសម្អាងកាយ។

សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះសិក្ខាកាមអាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៣៣២ ៨៧៦/ ០៨៧ ៣៥៣ ០៨៥/ ០៧១ ៤៨៦ ៤០០៩ ឬទៅកាន់ទីតាំងរបស់វិទ្យាស្ថានផ្ទាល់ដែលស្ថិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាប់របងខាងជើង មជ្ឈមណ្ឌល ប៊ុនរ៉ានី ហ៊ុនសែន)។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕









