Feature

រយៈពេល៦ខែ ស៊ីម៉ាក់ រកឃើញនិងកម្ទេចចោល គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ជាង៨ពាន់​គ្រាប់

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ក្នុងរយៈពែល៦ខែ ក្រុមការងារស៊ីម៉ាក់ បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ ចំនួនជាង៨.៤០០​គ្រាប់​ ដែលក្នុងចំនួននេះមានគ្រាប់បែកចង្កោម ចំនួន៤.៤៣៦គ្រាប់។

បើតាមលោក ហេង រតនា បានប៉ាន់ស្មានថា ទាហានសៀមអាច បាញ់គ្រាប់បែកចង្កោម ប្រភេទគ្រាប់១៥៥មម ចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់​ និងមានកូនគ្រាប់បែកចង្កោម ប្រភេទM42,M46 និងM85 ប្រមាណ៦លានទៅ៧លានគ្រាប់​ ហើយអាចមានកម្រិតមិនផ្ទុះ​ (failure rate)ប្រមាណ២៥%ទៅ៣០%​ ។

នៅលើគណនីហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហេង រតនា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖

ការដោះស្រាយវិបត្តិសំណល់ គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ក្នុងរយៈពេល៦ខែ (មករា-មិថុនា​ ឆ្នាំ២០២៦) នេះអង្គភាពCMAC បានសម្រេចលទ្ធផលគួរឱ្យកត់សំគាល់ដូចខាងក្រោម៖​ 

១.​ ការងារផ្សព្វផ្សាយអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ តាមក្រុមគោលដៅ បានចំនួន ១៤.៤៧៧លើក មានប្រជាពលរដ្ឋចូលរួម សរុបចំនួន១.៣៧៤.៨៨៧៧នាក់។ 

២.​ ការងារស្រាវជ្រាវ ព័ត៌មាន សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន៖​ អង្គភាពCMAC បានដំណើរការស្រាវជ្រាវព័ត៌មាន តំបន់រងផលប៉ះពាល់ ដោយសារសង្គ្រាមសៀមឈ្លានពាន នៅតាមបណ្តាខេត្តទាំង៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប​ និងកោះកុង​ ក្នុង២២ស្រុក​ ស្មេីនឹង៦០ឃុំ/សង្កាត់​ ស្មេីនឹង៣៣៥ភូមិ ដោយកំណត់ត្រាលទ្ធផលដូចខាងក្រោម៖

* ទីតាំងទម្លាក់គ្រាប់បែកចំនួន​ ២៦៥​ ពហុកោណ​ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន​ ៤.៨២៩​ហិកតា

* ទីតាំងគ្រាប់បែកចង្កោម​ចំនួន៣.៨៥៨​ ពហុកោណ​ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ ចំនួន​ ២៦២.៥០៦​ហិកតា​ តាមការប៉ាន់ស្មានអាច ទាហានសៀម បាញ់គ្រាប់បែកចង្កោម ប្រភេទគ្រាប់១៥៥មម ចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់​ និងមានកូនគ្រាប់បែកចង្កោម ប្រភេទM42,M46 និងM85 ប្រមាណ៦លានទៅ៧លានគ្រាប់​ ហើយអាចមានកម្រិតមិនផ្ទុះ​ (failure rate)ប្រមាណ២៥%ទៅ៣០%​ ។ 

* ទីតាំងគ្រាប់មិនទាន់ផ្ទុះ ប្រភេទផ្សេងៗទៀត​​មានចំនួន​១.៤០១​ ពហុកោណ​ មានផ្ទៃដីរងផលប៉ះពាល់ចំនួន​១១៩.​៨៧០ហិកតា

សរុបរួម៖​ មានចំនួន៥.៣៤៨​ ទីតាំង(​ពហុកោណ)​ ស្មើនឹង​៣៨៧.២០៦​ហិកតា​ (ឬ៣.៨៧២គីឡូម៉ែត្រការេ) ជាមួយកំណត់រកឃើញ ភស្តុតាងជាក់ស្តែង ជាង ១៨.៥០០​ ភស្តុតាង។ 

សំគាល់៖​ ភូមិសាស្ត្រមិនទាន់អាចស្រាវជ្រាវព័ត៌មាន វាយតម្លៃតំបន់ផ្ទៃដីរងផលប៉ះពាល់ បានមានចំនួន១៤ភូមិ និងតំបន់សមរភូមិជួរមុខ តាមខ្សែបន្ទាត់ព្រំដែន ទាំងស្រុង។ 

៣.​ ការបោសម្អាត រំដោះផ្ទៃដី អាទិភាពសម្រាប់គាំទ្រជនភៀសសឹក វិលត្រឡប់ទៅលំនៅដ្ឋានវិញ បានចំនួន៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត១.៤៥៥ហិកតា តំបន់ផ្ទៃដីសាលារៀនចំនួន៨៧ខ្នង មណ្ឌលសុខភាពស្មើនឹងផ្ទៃដី១៥៤ហិកតា​ តំបន់មណ្ឌលសុខភាពចំនួន២០ទីតាំង វត្តអារាមមានចំនួន៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ ចំនួន១១៤ទីតាំង។ 

* បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ ចំនួនជាង៨.៤០០​គ្រាប់​ ដែលក្នុងចំនួននេះមានគ្រាប់បែកចង្កោម ចំនួន៤.៤៣៦គ្រាប់ ។

To Top