Feature

អ្នកសារព័ត៌មាន​ តំណាងសហជីព និងតំណាងអង្គការ OXFAM មកទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញ ដើម្បីបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលជួយអតីតពលករ

ខេត្តតាកែវ៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ តំណាងសហជីព និងតំណាងអង្គការ OXFAM កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២៦នេះ បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីវិធានការ និងកម្មវិធីដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្រពលករមាតុភូមិនិវត្តន៍ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យអាចបន្តអាជីព និងរស់នៅក្នុងប្រទេសដោយមានការងារសមរម្យ និងចំណូលប្រកបដោយស្ថិរភាព។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីភាពជាក់ស្តែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាគាំទ្រដល់ពលករមាតុភូមិនិវត្តន៍ រួមមាន ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (Recognition of Prior Learning – RPL) ការផ្តល់ការបណ្តុះបណ្តាលបន្ថែម ការប្រឹក្សាការងារ ការភ្ជាប់ទៅកាន់ឱកាសការងារក្នុងស្រុក និងការគាំទ្រឱ្យពួកគេអាចចាប់ផ្តើមមុខរបរ ឬអាជីវកម្មដោយខ្លួនឯង។

ក្នុងឱកាសនោះ អ្នកចូលរួមបានទស្សនាពីដំណើរការនៃការវាយតម្លៃសមត្ថភាពជាក់ស្តែង ការបណ្តុះបណ្តាលជំនាញ និងបានជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករ ដោយបានចែករំលែកបទពិសោធន៍ពីការទទួលបានការគាំទ្រពីក្រសួង រហូតអាចស្វែងរកការងារថ្មី ឬបង្កើនប្រាក់ចំណូលដោយប្រើប្រាស់ជំនាញដែលខ្លួនមាន។

លោក​ ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «បងប្អូនអតីតពលករខ្មែរ មិនមែនចាប់ផ្តើមពីសូន្យនោះទេ ពួកគាត់បាននាំយកបទពិសោធន៍ និងជំនាញដែលមានតម្លៃត្រឡប់មកកម្ពុជាវិញ ចំណែកឯភារកិច្ចរបស់រាជរដ្ឋាភិបាល គឺផ្តល់នូវការទទួលស្គាល់ជំនាញទាំងនោះ បន្ថែមសមត្ថភាព ភ្ជាប់ទៅកាន់ការងារ ដែលអាចជួយឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរ»។

លោកបានបន្ថែមថា ការចូលរួមរបស់អ្នកសារព័ត៌មាន តំណាងសហជីព និងតំណាងអង្គការ OXFAM ក្នុងដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយ ដើម្បីឱ្យដៃគូទាំងអស់បានឃើញដោយផ្ទាល់ពីលទ្ធផលនៃគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្របងប្អូនអតីតពលករខ្មែរ និងផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន។

ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងរាជរដ្ឋាភិបាល សហជីព អង្គការ OXFAM និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ ការបង្កើតការងារសមរម្យ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា​ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដល់បងប្អូនអតីតពលករខ្មែរ ចំនួន ១៤លើកមកហើយ លើជំនាញចំនួន ៨ ដូចជា ការងារកំបោរ, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការងាររន្ទា, ការដំឡើងសរសៃដែក, ការផ្សារអគ្គិសនី និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ដោយក្នុងនោះមានបេក្ខជនចូលធ្វើតេស្តចំនួន ៨៤៥នាក់ បេក្ខជនចំនួន ៧៧៧នាក់ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញ និងបេក្ខជន ៦៨នាក់ទទួលបានលិខិតបញ្ជាក់ក្រេឌីត៕

To Top