មន្ត្រីឧទ្យាននុរក្សស្រែពក បង្ក្រាបបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ២នាក់
មណ្ឌលគិរី៖ មន្ត្រីឧទ្យាននុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាត និងបង្ក្រាបករណីបទល្មើសធនធានធម្មជាតិ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតបាន អាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់អាវុធមួយចំនួន និងមធ្យោបាយធ្វើដំណើរមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៩:៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុច អូរអង្ហែង ស្ថិតក្នុងភូមិ ពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា សកម្មភាពកាន់កាប់អាវុធខុសច្បាប់ និងការចូលលួចបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ គឺជាអំពើល្មើសធ្ងន់ធ្ងរ ផ្ទុយនឹងបទប្បញ្ញត្តិនៃ ក្រមបរិស្ថាន និងធនធានធម្មជាតិ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីឧទ្យាននុរក្សបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងទាំងអស់ មកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបរិស្ថាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព បរបាញ់សត្វព្រៃ កាប់រានព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។
លោកបានគូសបញ្ជាក់ថា សត្វព្រៃ និងព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តមណ្ឌលគិរី។ ការចូលរួមថែរក្សា អភិរក្ស និងរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាថា ធនធានធម្មជាតិទាំងនេះ នឹងត្រូវបានរក្សាទុកគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។
ដោយ៖ ចាន់បុត្រ | មណ្ឌលគិរី|ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី









