ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវការបិទបញ្ចប់បេសកកម្មដ៏ឧត្តុង្គឧត្តម «ជិះកង់ដើម្បីកុមារកម្ពុជា» ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងបេសកកម្មដ៏អស្ចារ្យនេះ លោក ទីវ តារារិទ្ធ បានចំណាយពេលជាង ២ឆ្នាំ ជិះកង់ឆ្លងកាត់ប្រទេសចំនួនជាង ៤០ នៅជុំវិញពិភពលោក ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់នេះ លោកបានប្រមូលថវិកាបានចំនួនសរុបជាង ២៦ម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនេះនឹងត្រូវបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។

វត្តមានរបស់លោក នេត្រ ភក្ត្រា តំណាងស្ថាប័នពាក់ព័ន្ធនានា បានឆ្លុះបញ្ចាំងពីការគាំទ្រ និងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះបេសកកម្មមនុស្សធម៌ដ៏មានអត្ថន័យនេះ។

ការបិទបញ្ចប់បេសកកម្មនេះ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់លោក ទីវ តារារិទ្ធ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អមួយនៃការលះបង់ដើម្បីបុព្វហេតុមនុស្សធម៌ និងជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជាផងដែរ៕











