Feature

សម្តេចតេជោ ៖ ទោះកម្ពុជា ជួបបញ្ហាព្រំដែន តែមិនបានប៉ះពាល់ដល់ការ វិនិយោគ របស់ក្រុមហ៊ុនបរទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទោះបីជាជួបបញ្ហាព្រំដែនរវាងកម្ពុជានិងថៃក៏ពិតមែន ប៉ុន្តែរាល់ការវិនិយោគនៅកម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ឡើយ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd បានរំលឹកថា ជំនួបចុងក្រោយរបស់លោកជាមួយសម្ដេចតេជោប្រធានព្រឹទ្ធសភា គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ មិនទាន់មានការផ្ទុះឡើង នៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះទេ ។ លោកបានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នោះទេ។ ដោយក្រុមហ៊ុននៅតែបន្តភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា ក្នុងការថែរក្សាអ្នកវិនិយោគ។

អគ្គនាយកក្រុមហ៊ុនរូបនេះ ក៏បានលើកឡើងអំពីវឌ្ឍនភាព របស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះ ក្រុមហ៊ុនបានបើករោងចក្រពីរកន្លែង ហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែក នៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនអ្នកផងដែរ។ លោកបញ្ជាក់ទៀតថា នៅខេត្តពោធិ៍សាត់ក្រុមហ៊ុនកំពុងបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ប្រធានក្រុមហ៊ុនបានលើកឡើងថា ការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការបារម្ភអ្វីនោះឡើយ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោរីករាយ ចំពោះរបាយការណ៍ ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ។ លោក ជា ធីរិទ្ធ ថ្លែងថា “សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ទោះបីជាប្រទេសកម្ពុជាជួបបញ្ហាជម្លោះព្រំដែន រវាងកម្ពុជានិងថៃ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ ឬប្រតិបត្តិការ នៃក្រុមហ៊ុននោះឡើយ ។ សម្ដេចរីករាយពេលដែលឃើញវឌ្ឍនភាព នៃក្រុមហ៊ុនមានការរីកចម្រើន ដែលបង្ហាញពីភាពធុន របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឲ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ” ។

សម្ដេចតេជោ ក៏ចង់ឃើញក្រុមហ៊ុនពង្រីកលទ្ធភាព នៃការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ សម្ដេចតេជោ បានរំលេចបន្ថែមទៀត ដោយបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនថា ត្រូវបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកលោកប្រធានក្រុមហ៊ុនបានធ្វើការជាមួយ នឹងរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចកាលនៅជានាយករដ្ឋមន្ត្រី និងបន្តមកដល់រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងធ្វើឲ្យបរិយាកាសវិនិយោគ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត ៕

To Top