ឡាវ កោតសរសើរចំពោះអភិវឌ្ឍរបស់កម្ពុជា និងលទ្ធផលបង្ក្រាបបទល្មើស Online Scams
ភ្នំពេញ ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សនសៃ វណ្ណាសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពរីកចម្រើនរបស់កម្ពុជា។
ជាពិសេសកំណើនអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ដ៏ច្រើនខ្វាត់ខ្វែង ទាំងក្នុងរាជធានី តាមបណ្ដាខេត្ត និងជាពិសេសតំបន់ជនបទ បន្ទាប់ពី លោក ផ្ទាល់ បានធ្វើដំណើរបំពេញបេសកកម្មនៅតាមបណ្ដាខេត្តមួយចំនួន។
ក្នុងវិស័យសន្តិសុខ លោក ឯកអគ្គរដ្ឋទូតឡាវ បានមានប្រសាសន៍កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម ក្នុងនោះជាពិសេសក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់អនុវត្តវិធានការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រកបដោយភាពម៉ឺងម៉ាត់ និងលទ្ធផលជាក់ស្ដែង ស្របតាមការប្ដេជ្ញាចិត្ត ដូចបានបញ្ជាក់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា ជៀសមិនផុតឡើយ ពួកឧក្រិដ្ឋដែលគេចចេញពីការបោសសម្អាតរបស់កម្ពុជា អាចមួយចំនួនបន្តភៀសខ្លួនទៅប្រព្រឹត្តបទល្មើសនៅប្រទេសក្បែរខាង រួមទាំងប្រទេសឡាវ ដែលចាំបាច់ភាគីទាំងពីរត្រូវបន្តធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធានាថាពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕









