សម្តេចធិបតី ៖ វីរកងទ័ពនៅជួរមុខ នឹងត្រូវអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិដីធ្លីដល់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពជាគោលការណ៍លើការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិដីធ្លី ដល់វីរកងទ័ពវីរនគរបាល នៅសមរភូមិជួរមុខ ដែលប្រយុទ្ធតតាំងជាមួយសត្រូវ។
ក្នុងឱកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាព និង គាំទ្រទាំងស្រុង ដែលក្រុមការងារស្នើសុំការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ អចលនទ្រព្យ ដែលមានប្រាក់ត្រូវបង់ពន្ធមិនលើសពី២០ម៉ឺនរៀល ដែលម្ចាស់កម្មសិទ្ធិជាយោធិន ដែលចូលរួម ក្នុងសមរភូមិជួរមុខ ដោយមានការ បញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមីថា ពិតជាបានចូលរួមបម្រើការងារ ប្រយុទ្ធនៅសមរភូមិ ។
សម្តេចធិបតីបញ្ជាក់ថា “សម្រាប់វីរកងទ័ព វីរនគរបាល កងទ័ពទាំង៣ប្រភេទ អាវុធហត្ថអីនៅក្នុងហ្នឹង ដែលបំពេញភារកិច្ចមុខពិតប្រាកដ យើងមិនបាច់គិត២០ៗលាន គឺយើងឱ្យតែម្តង តែត្រូវបញ្ជាក់ឱ្យច្បាស់លាស់ អត់មានកន្ទេលធំបន្លំដេកទេ យើងអនុគ្រោះតែវីរកងទ័ព វីរនគរបាល ដែលបានប្រយុទ្ធនិងឈរជើង និងត្រៀមប្រយុទ្ធការពារទឹកដីយើងទេ នូវការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ កាន់កាប់អចលនទ្រព្យ” ។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះគឺជាការលើកទឹកចិត្ត និងគិតគូរទៅដល់វីរកងទ័ព នៅជួរមុខប្រយុទ្ធការពារទឹកដី ៕









