Feature

ក្រសួងអប់រំ ណែនាំឱ្យផ្អាកបណ្តោះអាសន្ន ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យផ្អាកបណ្តោះអាសន្ន ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។

នេះបើយោងតាមសេចក្ដីណែនាំ ស្ដីពី ការអនុវត្តភារកិច្ច របស់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញផ្សាយដោយ ក្រសួងអប់រំ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។

ពិសេស គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានសម្រាប់បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន។

ក្រសួងអប់រំ គូសបញ្ជាក់ថា «ចាត់កម្លាំងទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង តាមគ្រប់រូបភាព និងបាតុភាពមិនប្រក្រតីនានា ដែលកើតឡើងជាយថាហេតុ ដោយផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្ម ថតចម្លងចម្លើយវិញ្ញាសា ឬ សំណៅឯកសារនានាពាក់ព័ន្ធនឹងការប្រឡង ការធ្វើអាជីវកម្មអ៊ីនធឺណិត និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗ នៅទីតាំងបរិវេណមណ្ឌលប្រឡង និងទប់ស្កាត់ការលក់នូវចម្លើយវិញ្ញាសា ឬ សំណៅឯកសារនានា ពាក់ព័ន្ធនឹងការប្រឡងជុំវិញមណ្ឌលប្រឡង» ។

សូមបញ្ជាក់ថា ចំពោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ៕

To Top