រដ្ឋបាលខេត្តព្រះវិហារ បង្ហាញពីវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៦ និងការប្តេជ្ញាចិត្តពង្រឹងសន្តិសុខព្រំដែន
ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ (MOI TV) នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបានលាតត្រដាងយ៉ាងលម្អិតអំពី «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ»។

នៅក្នុងបទសម្ភាសន៍នោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការយ៉ាងក្តៅគគុក និងយកចិត្តទុកដាក់ខ្ពស់បំផុតលើការគ្រប់គ្រងសភាពការណ៍នៅតាមព្រំដែន។ ជាពិសេស ការផ្តល់ជំនួយសង្គ្រោះបន្ទាន់រួមមាន ស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកបណ្តោះអាសន្ន ជូនដល់ប្រជាពលរដ្ឋ និងជនភៀសសឹកដែលរងផលប៉ះពាល់ ដោយធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់ និងការសម្របសម្រួលឱ្យពួកគាត់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព។

ក្រៅពីកិច្ចការងារសន្តិសុខ និងសង្គ្រោះបន្ទាន់ រដ្ឋបាលខេត្តព្រះវិហារក៏បានសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖
ការងារសន្តិសុខសង្គម ការបន្តរំលេច និងរុញច្រានការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។

ការផ្តល់សេវាសាធារណៈការកែលម្អ និងបង្កើនល្បឿននៃការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈ «អង្គភាពច្រកចេញចូលតែមួយ» ប្រកបដោយតម្លាភាព។
ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកស្ទួយវិស័យកសិកម្ម និងការជំរុញសក្តានុពលទេសចរណ៍ក្នុងខេត្ត។
ចំពោះទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ លោក គីម រិទ្ធី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ អាទិភាពចម្បងរបស់រដ្ឋបាលខេត្ត គឺការបន្តថែរក្សាសន្តិសុខ និងស្ថិរភាពនៅតាមបន្ទាត់ព្រំដែន សម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕
ដោយ សួន ពិសិតព្រះវិហារ









