Feature

កម្ពុជា-ឥណ្ឌូណេស៊ី បង្កើនប្រតិបត្តិការ អនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអារីហ្វ ហាវ៉ាស់ អូហ្គូសេណូ បានឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងបរិបទថ្មី ដល់មន្ត្រីនគរបាលជាតិកម្ពុជា ។

ក្នុងជំនួបជាមួយលោក ស សុខា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ បានថ្លែងថា ផ្អែកលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លងមក និង ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទ្វេភាគី នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ីនឹងរៀបចំការ បណ្ដុះបណ្ដាលជំនាញសំខាន់ៗ៣ ដល់មន្ត្រីនគរបាលកម្ពុជា រួមមាន ៖ ជំនាញពាក់ព័ន្ធបច្ចេកទេសកោសល្យវិច័យ , ជំនាញស៊ើបអង្កេតហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការបណ្ដុះបណ្ដាល អាចនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងក៏អាចមានការបញ្ជូនគ្រូឥណ្ឌូណេស៊ី មកបណ្ដុះបណ្ដាលនៅកម្ពុជា។

ក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការអនុវត្តច្បាប់ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ថ្លែងអំណរគុណ លោក ស សុខា ដែលបានផ្ដល់ការ សម្របសម្រួលលើការពន្លឿននីតិវិធីបញ្ជូនជនជាតិឥណ្ឌូនេស៊ីរងគ្រោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ការសម្របសម្រួលឱ្យមន្ត្រីស្ថានទូត និងសាច់ញាតិបានចូលជួបសួរសុខទុក្ខជនជាតិឥណ្ឌូនេស៊ីដែលជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងជាពិសេសការបង្ក្រាបទីតាំង និងរំដោះប្រជាជនឥណ្ឌូណេស៊ី ចេញពីទីតាំងប្រព្រឹត្តបទល្មើស។

នាឱកាសនោះដែរ ភាគីទាំងពីរបានឯកភាព រៀបចំធ្វើបច្ចុប្បន្នភាពខ្លឹមសារអនុស្សរណៈនៃការយោគយល់ ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់អនុវត្តបន្ត ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញសុច្ឆន្ទៈគាំទ្រ និងលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ជាពិសេសយុទ្ធនាការបោស សម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការបង្កើតក្របខណ្ឌច្បាប់ដ៏តឹងតែង ដោយថែមទាំងអះអាងទៀតថា ឥណ្ឌូណេស៊ី សូមធ្វើជាសាក្សីបញ្ជាក់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយមនេះទៀតផង៕

To Top