រដ្ឋមន្រ្តី អ៊ាង សុផល្លែត ជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។

ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ និងប្រធានមន្ទីបរិស្ថានទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាន និងតាមប្រព័ន្ធអនឡាញ។

លោក រដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីបរិស្ថាន ពង្រឹងការអនុវត្តជំហានទី២ នៃសសរស្តម្ភបៃតង (យុទ្ធសាស្រ្ត២.១) ផ្តោតលើលទ្ធផលជាក់ស្តែង លើការគ្រប់គ្រងធនធានធម្មជាតិ រួមមាន៖ ការបន្តអនុវត្តច្បាប់១០០% មិនលើកលែងចំពោះការព្រព្រឹត្តបទល្មើសនានា, ពង្រឹងការសហការជាមួយគណៈបញ្ជាការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌, ពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាមួយក្រសួងស្ថាប័ន អង្គការដៃគូសហការ និងអភិវឌ្ឍន៍ សមាគមអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដើម្បីការពារព្រៃឈើ និងពង្រីកភាពបៃតង និងការជំរុញការបណ្តុះការដាំដើមឈើ ។

លើសពីនេះ ក្នុងការអនុវត្តជំហានទី២ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញឱ្យមានការផ្សព្វផ្សាយសកម្មភាពការងារសំខាន់ៗ រួមមាន យុទ្ធនាការរបស់ក្រសួងបរិស្ថានដើម្បីភាពស្អាត ភាពបៃតង ដូចជាការពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងបរិស្ថាន និងនៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះចាត់វិធានការម៉ឹងមាត់ ចំពោះបទល្មើស ធ្វើការពង្រីការស្រាវជ្រាវ និងចាត់វិធានការបញ្ជូនជនល្មើសទៅតុលាការ ការសម្រេចក្តីនិងការគ្រប់គ្រងលើសម្ភារៈដកហូតពីបទល្មើស ស្របតាមនីតិវិធីច្បាប់៕









