Feature

លោក សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់​អភិបាលកិច្ចក្រសួងអធិការកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួង។

ស្របតាមរបៀបវារៈនៃកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការប្រចាំការ អនុប្រធានអចិន្រ្តៃយ៍ និងថ្នាក់ដឹកនាំដែលជាប្រធាន នៃក្រុមការងារកែទម្រង់ច្បាប់ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច បានអញ្ជើញរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗ និងបញ្ហាប្រឈមនានាជូនអង្គប្រជុំ។

​ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំពាក់ព័ន្ធក៏បានចូលរួមផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ៗ សំដៅចូលរួមពង្រឹងការងារលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច។

ក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ដែលមានចែងក្នុងសេចក្តីណែនាំស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដែលជាយន្តការក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តនូវការងារកែទម្រង់ ដើម្បីលើកកម្ពស់អភិបាលកិច្ចរបស់ក្រសួង ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការងារកែទម្រង់សំខាន់ៗត្រូវបានគិតគូរ និងខិតខំជំរុញជាបន្តបន្ទាប់ ចាប់តាំងពីរាជរដ្ឋាភិបាល នានីតិកាលមុនៗ និងបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាពេលនេះ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ចដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងឱ្យស្របតាមល្បឿននៃការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។

លើសពីនេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការបន្តខិតខំជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងការត្រៀមខ្លួនក្នុងការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងនេះឱ្យបានពេញលេញ ក្នុងនាមជាស្ថាប័នដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕

To Top