ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បញ្ជាដាច់ខាតដល់សមត្ថកិច្ចក្រោមឱវាទ ត្រូវ បង្ក្រាបក្មេងទំនើង បទល្មើសអនឡាញស្កេម ជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យខាងតែបាន
កំពង់ធំ៖ លោកសាយ គឹមឡម បានដាក់បទបញ្ជានេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកក្កដានៅអគាររដ្ឋបាលស្រុកស្ទោងកាលពីររសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់លើការងារអាទិភាពសំខាន់ៗជាច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់ អាជ្ញាធរត្រូវធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបង្កើនការរឹតបន្តឹង និងបង្ក្រាបយ៉ាងក្តៅគគុកលើក្រុម «ក្មេងទំនើង» ដែលបង្កការអសន្តិសុខក្នុងសង្គម ព្រមទាំងបង្ក្រាបរាល់សកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត (Online Scam) ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានហ្មត់ចត់តាមច្បាប់ជាធរមាន ដើម្បីទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់ និងរក្សាសន្តិសុខជាតិ។

ទន្ទឹមនឹងនេះដើម្បីឆ្លើយតបនឹង ស្ថានភាពភូមិសាស្ត្រ ស្រុកស្ទោង ជាស្រុកកសិកម្ម និងឆ្លើយតបជាមួយយុទ្ធសាស្ត្ររាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធបានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលគ្រប់រដូវកាល ដែលនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តថែមទៀតដល់សហការីត្រូវចូលរួមឱ្យសកម្មក្នុងកា ការពារធនធានធម្មជាតិ និងបន្តយុទ្ធនាការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់រូបភាព ដើម្បីថែរក្សាសម្បត្តិធម្មជាតិទុកជូនកូនចៅជំនាន់ក្រោយ ។
លើសពីនេះទៀតលោកបានជំរុញដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្ទោង គ្រប់មណ្ឌលសុខភាពនិងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាក្នុងការបើកយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមយ៉ាងសកម្ម ដោយចុះអប់រំ បាញ់ថ្នាំមូស និងបង់ថ្នាំអាបាត់តាមមូលដ្ឋាន ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ។
លោកសាយ គឹមឡម បានជំរុញបន្ថែមទៀតដល់សហការីនិងអាជ្ញាធរភូមិ ឃុំ យកចិត្តទុកដាក់លើអតីតយុទ្ធជននិងនិវត្តន៍ជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ដោយធានាថា ពួកគាត់ទទួលបាននូវការថែទាំ និងរបបគោលនយោបាយសមរម្យ លោកសង្ឃឹមថា រាល់សកម្មភាព និងវិធានការទាំងអស់នេះ សុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺ «បម្រើរាស្ត្រដោយស្មោះត្រង់» ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ៖ សំនៀង









