លោកកិត្តិសង្គហបណ្ឌិត គន់ គីម និង លោក ខូយ រីដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបាកាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យស្ថានភាពជាក់ស្តែងនៃគ្រោះរាំងស្ងួតដែលកំពុងកើតមានឡើង ព្រមទាំងពិភាក្សាអំពីវិធានការសង្គ្រោះបន្ទាន់ ក្នុងការអន្តរាគមន៍បូមទឹកសង្គ្រោះ របស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាតផលដំណាំឱ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសនោះ លោក កិត្តិសង្គហបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក និងឃុំ ត្រូវបន្តតាមដានស្ថានភាពអាកាសធាតុ និងប្រភពទឹកជាប្រចាំ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកដោយសារខ្វះទឹកប្រើប្រាស់ និងទឹកស្រោចស្រពដំណាំឡើយ៕
អត្ថបទដោយ÷រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល









