Feature

អង្គការយូណេស្កូ បន្តគាំទ្រការវាយតម្លៃការសិក្សា របស់សិស្សថ្នាក់បឋមសិក្សា ក្រោមកម្មវិធីការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន

ភ្នំពេញ ៖ អង្គការយូណេស្កូ បានបន្តគាំទ្រការវាយតម្លៃការសិក្សា របស់សិស្សថ្នាក់បឋមសិក្សាក្រោមកម្មវិធី STEPCam ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន។

ជាក់ស្ដែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Flavio Bonetti ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងសហការី។

ក្នុងឱកាសនេះ លោក ប្រធានអង្គការយូណេស្កូ បានលើកឡើងថា អង្គការយូណេស្កូ បាននិងកំពុងសហការជាមួយក្រសួងយ៉ាងសកម្ម លើការធ្វើបច្ចុប្បន្នភាពគោល នយោបាយគ្រូបង្រៀន ដើម្បីដាក់បង្ហាញផ្លូវការនាឱកាសទិវាគ្រូបង្រៀន ព្រមទាំងការគាំទ្រ ដំណាក់កាលអនុវត្តក្របខ័ណ្ឌសមត្ថភាពបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (ICT/AI) សម្រាប់គ្រូបង្រៀន និង EdTech។

ជាមួយគ្នានេះ យូណេស្កូ បានបន្តគាំទ្រការវាយតម្លៃការសិក្សារបស់សិស្សថ្នាក់បឋមសិក្សាក្រោមកម្មវិធី STEPCam ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំមូលដ្ឋាន (BEEP) ដោយសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយយុវជនបោះបង់ការសិក្សាឱ្យទទួលបានវិញ្ញាបនបត្រ ព្រមទាំងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រផងដែរ។

បន្ថែមលើនេះ លោកប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គនាយកអង្គការយូណេស្កូនាពេលខាងមុខ ដោយយូណេស្កូប្រចាំកម្ពុជាមានបំណងរៀបចំសកម្មភាពពិសេសៗ ដើម្បីរំលេចពីសមិទ្ធផលអប់រំ និងចុះទស្សនកិច្ចសាលារៀនគោលដៅ ព្រមទាំងបើកចំហទទួលយកសំណើ និងអនុសាសន៍ផ្សេងៗពីក្រសួងផងដែរ។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងនឹងរៀបចំរបាយការណ៍សរុបស្ដីពីកំណែទម្រង់គ្រូបង្រៀនដែលគ្របដណ្ដប់លើគ្រប់ទិដ្ឋភាព រួមមាន គោលនយោបាយគ្រូបង្រៀន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ដើម្បីបង្ហាញក្នុងឱកាសទិវាគ្រូបង្រៀន និងជាផ្នែកមួយនៃការប្រារព្ធខួប ៧៥ ឆ្នាំ។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីលទ្ធផលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ជាពិសេសកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលសមាមាត្រសិស្សពូកែខាងផ្នែកអានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងបានកើនឡើងជាច្រើនផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំពិព័រណ៍ និងរបាយការណ៍ពិសេសស្ដីពីការប្រើប្រាស់ AI វិធីសាស្ត្របង្រៀនថ្មីៗ និងសមិទ្ធផលនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានជាតិអប់រំ (NIE) វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ដើម្បីឱ្យគណៈប្រតិភូរបស់លោកអគ្គនាយកយូណេស្កូ បានទស្សនាផ្ទាល់នូវគម្រោងរបស់គរុសិស្ស-គរុនិស្សិត និងធ្វើអន្តរកម្មជាមួយគ្រូបង្រៀន៕

To Top