ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ អ្នករាយការណ៍ពិសេស​ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ, លោក Thomas Andrews បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងបើកចំហ និងប្រកបដោយការយោគយល់គ្នា និងបានលើកឡើងពី​ដំណើរបំពេញបេសកកម្មការងារ ដោយបានជួបពិភាក្សាការងារ​ ជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល​ និងបានបំពេញទស្សនកិច្ច នៅជំរុំជនភៀសសឹក​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក Thomas Andrews បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ ​និងគាំទ្រជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ បន្ថែមលើនេះ លោកក៏បានកោតសរសើរ ចំពោះកម្ពុជាដែលបានទទួលយកលិខិតូបករណ៍ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ចំនួន ៨ លើ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលោក Thomas Andrews ដែលទទួលបានការតែងតាំង ជាអ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនា និងប្រកបដោយសមធម៌។

សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស​ ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។ 

ទន្ទឹមនឹងនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចធិបតី​ បានបញ្ជាក់បន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស​ គឺត្រូវស្ថិតនៅក្រោមច្បាប់​ ហើយប្រទេសនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសផ្សេងៗ​ពីគ្នា។

ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យអ្នករាយការណ៍ពិសេស​ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង​ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត​ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជម្រាបជូនលោក Thomas Andrews អំពីការវិវត្ត​នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា​ និងថៃ៕

To Top