Feature

ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា កោតសរសើរលោក ឃួង ស្រេង ថាជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង

ភ្នំពេញ៖ លោក ស្ទីវិន ផាំង ឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានកោតសរសើរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលបានការគោរពស្រលាញ់ ពីប្រជាពលរដ្ឋ​ នៅក្នុងរាជធានីភ្នំពេញ ។

ការកោតសរសើរនេះធ្វើឡើងបន្ទាប់ពីលោក ស្ទីវិន ផាំង ឈីវី ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីធំៗជាច្រើន ហើយនៅក្នុងកម្មវិធីទាំងនោះ ទាំងមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់កម្ពុជា តែងបានកោតសរសើរ ចំពោះការដឹកនាំរបស់លោកអភិបាលថា ជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង។

ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក ស្ទីវិន ផាំង ឈីវី បានលើកឡើថា តាមរយៈសកម្មភាពការងារ​ របស់លោកអភិបាល ពិតជាបានបង្ហាញឱ្យឃើញ ពីភាពជាអ្នកដឹកនាំសកម្មពិតមែន ដោយលោក ឃួង ស្រេង បានដាក់ខ្លួន ដាក់កាយចុះផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក ដើម្បីបានដឹងពីជីវភាព និងសុខទុក្ខរបស់ពួកគាត់។

លោក ស្ទីវិន ផាំង ឈីវី បានបន្តថា យើងនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជាដើម។ សម្រាប់ពេលនេះ ជើងហោះហើរ សិង្ហបុរី និងកម្ពុជា ក្នុងមួយថ្ងៃ មាន៤ជើង ដែលបានបង្ហាញឱ្យឃើញថា ទំនាក់ទំនង ប្រជាជន និងប្រជាជន មានសកម្មភាពកាន់តែរស់រវើក។ ប្រទេសកម្ពុជា ជាប្រទេសស្អាតចម្រុះពណ៌ ដែលជាចំណុចមួយ ទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ខណៈដែលពីមុនគេស្គាល់ តែប្រាសាទអង្គវត្តមួយប៉ុណ្ណោះ តែពេលនេះគេបានដឹងថា កម្ពុជា មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន រួមទាំងម្ហូបអាហារសំបូរបែបផងដែរ។

លោក ស្ទីវិន ផាំង ឈីវី បានអះអាងថា ខ្លួនធ្លាប់បានធានា ចំពោះពាណិជ្ជករ និងវិនិយោគគិនថា រាជធានីភ្នំពេញ និងប្រទេសកម្ពុជា មានសុខសន្តិភាព សុវត្ថិភាព ព្រោះមើលឃើញ​ ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសក្នុងការងារបង្រ្កាប និងបោសសំអាតបទល្មើសឆបោក​ តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS )។ ជាពិសេស លោកបានមើលឃើញអភិបាលរាជធានីភ្នំពេញ​ មានជំហរយ៉ាងមុតមាំ ក្នុងការបង្ក្រាបបទល្មើសទាំងនេះ។ ចំណុចទាំងអស់នេះហើយ ដែលលោកបានប្រាប់ និងផ្ញើសារទៅពលរដ្ឋសឹង្ហបុរី អំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញសុវត្ថិភាព ពិសេសពាក់ព័ន្ធនឹងការបង្ក្រាប ONLINE SCAMSហ្នឹង ធ្វើយ៉ាងណាឱ្យពួកគាត់ ជឿទុកចិត្តបានពេលមកប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅ របស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនលើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ឃួង ស្រេង បានបន្តថា រឿង ONLINE SCAMS ជាបញ្ហាស្មុគស្មាញ មិនមែនសម្រាប់តែកម្ពុជាទេ តែជាបញ្ហារបស់សកលលោកទាំងមូល ។ ប៉ុន្តែក្រោមការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី គឺកម្ពុជា ត្រូវធ្វើដំណើរទៅរកសេដ្ឋកិច្ចពណ៌ស ដូច្នេះហើយរាជធានីភ្នំពេញ បានធ្វើកិច្ចការងារនេះយ៉ាងសកម្ម ធ្វើយ៉ាងណាបង្រ្កាបបទល្មើស ONLINE SCAMS ឱ្យអស់ពីភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យភាព របស់សឹង្ហបុរី បន្ទាប់ពីសឹង្ហបុរី បានបំបែកខ្លួន ចេញពីសហព័ន្ធម៉ាឡេស៊ីនៅឆ្នាំ១៩៦៥ ហើយសាធារណរដ្ឋសឹង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយគ្នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩២៕

To Top