អភិបាលខេត្តពោធិ៍សាត់ បន្តចុះពិនិត្យតាមដានការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមកង្វះខាតទឹកក្នុងឃុំមេទឹកនិងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញ ចុះពិនិត្យ តាមដានការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្វែរប្រភពទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតផលដំណាំ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែដែលកំពុងប្រឈមខ្វះទឹកទាំងអស់ ទទួលបានទឹកស្រោចស្រព៕


ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល









