អនុប្រធានទី១ព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៥២វត្ត នៅស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម
កំពង់ចាម ៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី ១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២ ខែសីហាឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមអមដំណើរពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ចូលរួមប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៥២វត្ត នៅស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

បន្ទាប់ពីប្រារព្ធពិធីសាសនារួច លោក អ៊ុច បូរិទ្ធ អនុប្រធានទី ១ ព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតែងតែ ណែនាំឲ្យសមាជិក សមាជិកា បានចុះជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋយើងក៏ដូចជាព្រះតេជគុណព្រះសង្ឃ ដើម្បីបានដឹងពីសុខទុក្ខ និងសេចក្តីត្រូវការរបស់បងប្អូន ។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែល ជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕


អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា









