ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ផ្អែកលើលទ្ធផលផ្លូវការ នៃកិច្ចប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងរហ័សទាន់ពេលវេលា របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ករណីកញ្ញា Siti Aishah Siregar សញ្ជាតិសិង្ហបុរី ត្រូវបានដោះស្រាយ និងបញ្ជាក់យ៉ាងច្បាស់លាស់ថា គ្មានទេការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬពុំមានករណីបទល្មើសឆបោកណាមួយ កើតឡើងដូចការរាយការណ៍ ក្នុងសារព័ត៌មានក្រៅប្រទេសមួយចំនួនឡើយ។

ក្នុងនោះលោកអ្នកនាំពាក្យ បញ្ជាក់ថា រីឯការពិតនោះវិញ គឺថាសាម៉ីខ្លួនបានធ្វើដំណើរ មកកាន់ប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត និងបញ្ហាសម្ពាធគ្រួសារផ្ទាល់ខ្លួន។ ក្រៅពីរបាយការណ៍ច្បាស់ការណ៍ របស់សមត្ថកិច្ចកម្ពុជា សាម៉ីខ្លួន តាមរយៈសារវីដេអូ បានអះអាងច្បាស់ៗថា គ្មាននរណាម្នាក់បង្ខិតបង្ខំ លួងលោម ឬប៉ះពាល់ដល់សុវត្ថិភាពរបស់នាងឡើយ ចាប់តាំងពីពេលដែលនាងបានមកដល់ប្រទេសកម្ពុជា។
«ទាក់ទងនឹងករណីនេះ យើងបានសង្កេតឃើញថា នៅក្នុងដំណាក់កាលដំបូងនៃការរាយការណ៍ ស្ថាប័នព័ត៌មានអន្តរជាតិ Channel NewsAsia (CNA) បានប្រញាប់ប្រញាល់ចុះផ្សាយព័ត៌មាន ដោយដកស្រង់យកតែការអះអាងម្ខាង និងប្រភពនៃការសង្ស័យ ជាមួយការអំពាវនាវរបស់ក្រុមគ្រួសារ (ការបញ្ចេញមតិលើបណ្តាញសង្គម) មកធ្វើជាសាច់រឿងក្នុងការផ្សាយ ដោយទាញភ្ជាប់ទៅនឹងរូបភាព អវិជ្ជមាននៃការជួញដូរមនុស្ស និងការឆបោក មុនពេលខ្លួនអាចស្វែងរកព័ត៌មាន ការបញ្ជាក់ ឬលទ្ធផលស៊ើបអង្កេតផ្លូវការ ពីសមត្ថកិច្ចក្នុងប្រទេសកម្ពុជា»។ «ទង្វើនេះ មិនត្រឹមតែបង្កើតឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ក្នុងសាធារណមតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងបានបង្កភាពអយុត្តិធម៌ ក្នុងសាច់រឿងសម្រាប់កម្ពុជា ព្រមទាំងប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោក(បញ្ហាសកល) ថែមទៀត»។
ឈរលើមូលដ្ឋានគ្រឹះ នៃការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន យើងអាចទាញចេញជាមេរៀនសំខាន់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការរាយការណ៍ព័ត៌មាន ដោយការទទួលខុសត្រូវខ្ពស់ និងអនុលោមស្របតាមនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដូចខាងក្រោម៖
១.ត្រូវគោរពសច្ចភាព និងផ្ទៀងផ្ទាត់ព័ត៌មានដាច់ខាត៖ ល្បឿននៃការផ្សាយព័ត៌មាន ការបញ្ចេញព័ត៌មានទាន់ហេតុការណ៍ មិនត្រូវធ្វើឡើងដោយរំលងការពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន អង្គហេតុ និងការផ្ទៀងផ្ទាត់ជាមួយប្រភព ឬភាគីពាក់ព័ន្ធក្នុងសាច់រឿងឡើយ។ ការប្រញាប់ប្រញាល់ផ្សាយ ដោយភ្ជាប់ចំណងជើងបែបទាក់ទាញ ផ្អែកលើការស្មានៗ ឬការសន្និដ្ឋានលឿនជ្រុល ឬយោងតាមការថ្លែងសារ
បញ្ចេញអារម្មណ៍ពីប្រភពបណ្តាញសង្គម ដែលខ្វះតុល្យភាពព័ត៌មាន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍គ្រឹះនៃសារព័ត៌មាន។ CNA បានជ្រើសរើសល្បឿន ជាជាងសច្ចភាព គឺជាការបំពានគោលការណ៍គ្រឹះ នៃការផ្ទៀងផ្ទាត់ម៉ត់ចត់សិនមុនផ្សាយ ហើយវាស្មើនឹងការប្រឌិតព័ត៌មាន នាំឱ្យបាត់តម្លៃវិជ្ជាជីវៈ។
២.ត្រូវប្រកាន់ខ្ជាប់នូវការធ្វើតុល្យភាពព័ត៌មាន៖ រាល់ការរាយការណ៍អំពីបទល្មើស ឬសន្តិសុខឆ្លងដែន អង្គភាពសារព័ត៌មានមានកាតព្វកិច្ច ក្នុងការស្វែងរកការបំភ្លឺ សេចក្តីថ្លែងការណ៍ផ្លូវការ ឬការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសពាក់ព័ន្ធ ហើយក្នុងករណីខាងលើគឺសមត្ថកិច្ចកម្ពុជា ដែលការណ៍នេះជាភាពចាំបាច់ ក្នុងការផ្តល់សំឡេងដល់ភាគីពាក់ព័ន្ធក្នុងសាច់រឿង ដោយមិនត្រូវផ្អែកលើប្រភពសង្ស័យ ឬព័ត៌មានមិនច្បាស់ការណ៍ ផ្អែកតែលើការសន្មត់តែពីសំឡេងម្ខាងឡើយ។
៣.ត្រូវមានការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់៖ បើទោះបីជា CNA ហាក់បានធ្វើបច្ចុប្បន្នភាព លើអត្ថបទរបស់ខ្លួនបន្ទាប់ពីមានការបំភ្លឺពីកម្ពុជាក៏ដោយ សូមទទូចឱ្យស្ថាប័នសារព័ត៌មានអន្តរជាតិនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដោយធ្វើការកែតម្រូវជាសាធារណៈវិញ ឱ្យស្មើនឹងទំហំនៃការផ្សាយព័ត៌មានដំបូង បែបដាក់ការសង្ស័យ ដែលបានបង្កផលអវិជ្ជមាន ដល់កិត្តិយសប្រទេស ដើម្បីជម្រះមន្ទិលសាធារណជន ផ្តល់យុត្តិធម៌និងស្ដារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដែលរងផលប៉ះពាល់។
៤.ត្រូវចូលរួមលើកកម្ពស់ការការពារសិទ្ធិឯកជនភាព៖ ករណីនេះគឺជារឿងរ៉ាវផ្ទាល់ខ្លួននិងបញ្ហាគ្រួសារសុទ្ធសាធ ដូច្នេះមិនគួរត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ពិសេសអង្គភាពសារព័ត៌មានអន្តរជាតិ ដូចជាCNA យកមកបំប្លែងធ្វើជាឧបករណ៍កេងចំណេញ សម្រាប់បម្រើការផ្សាយដោយខ្វះមូលដ្ឋានឡើយ ព្រោះវាបង្កផលប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពផ្លូវចិត្តរបស់សាម៉ីខ្លួន និងគ្រួសារ។
ការទាញភ្ជាប់សាច់រឿងគ្រួសារមួយមកផ្សាយបែបចោទប្រកាន់ និងការប្រឌិតសាច់រឿងអវិជ្ជមាន គ្មានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសជាតិ គឺជាទង្វើដែលមិនអាចទទួលយកដាច់ខាត និងទាមទារឱ្យ CNA ចេញការទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសំណេរដោយឡែក។ ទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈ មិនអាចត្រូវបានលុបលាងដោយការកែសម្រួល ឬធ្វើបច្ចុប្បន្នភាពអត្ថបទដោយស្ងាត់ៗនោះទេ៕










