សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បរិច្ចាគ១០ម៉ឺនដុល្លារ ជួយជនរងគ្រោះ ដោយទឹកជំនន់នៅចិន
ភ្នំពេញ ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានសម្រេចបរិច្ចាគថវិកា១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីជួយប្រជាពលរដ្ឋចិន ដែលរងគ្រោះដោយសារទឹកជំនន់ ។

បន្ថែមពីលើការឧបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ញើសារលិខិតសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូន លោក ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន។

ក្នុងសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចពិតជាមានសេចក្តីសោកស្តាយ យ៉ាងក្រៃលែង ចំពោះគ្រោះមហន្តរាយទឹកជំនន់ បង្កដោយបាតុភូតព្យុះឈ្មោះ ណូល (Noul) ដែលបានវាយប្រហារខេត្តជាច្រើន បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ទាប់ និងប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរបួសមួយចំនួន ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បន្តថា ស្ថិតក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្លួនសម្តេចផ្ទាល់ បរិច្ចាគថវិកា១០ម៉ឺនដុល្លារ អាម៉េរិក ចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ឆ្លើយតបគ្រោះមហន្តរាយខាងលើនេះ។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានចូលរួមរំលែកទុក្ខដ៏លំបាកនេះជាមួយក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក៏បានជូនពរឱ្យការស្តារឡើងវិញបានឆាប់រហ័ស នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងជូនពរឱ្យប្រជាជនចិនទាំងអស់ ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕










