Feature

អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ បម្រើដល់ការបោះឆ្នោត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានី-ខេត្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ ។
 
លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការ ជាមួយស្នងការនគរបាល គ្រប់រាជធានី-ខេត្ត ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារសម្គាល់ខ្លួនផ្សេងៗទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ ពិសេសបម្រើដល់ការបោះឆ្នោតនាពេលខាងមុខផ្ទាល់តែម្តង ។

ឧត្តមសេនីយ៍ឯកបញ្ជាក់ថា “គឺយើងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងករណីធ្វើថ្មី ករណីបាត់បង់ ករណីខូចខាត ឬក៏អស់សុពលភាពដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោតនាឆ្នាំ២០២៧និង២០២៨”។
ជាមួយគ្នានេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបញ្ជាក់ពីភាពងាយស្រួល ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅភូមិកំណើតខ្លួនទៀតទេ គឺពលរដ្ឋចំណាក់ស្រុកនៅតំបន់ណាមួយអាចធ្វើនៅកន្លែងដែលខ្លួនកំពុងបម្រើការងារនៅទីនោះផ្ទាល់ ក្រោយពីក្រសួងមហាផ្ទៃបានដាក់ឱ្យដំណើរការអនុវត្តយន្តការផ្តល់អត្តសញ្ញាណប័ណ្ណនៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦កន្លងមកនេះ ។
សម្រាប់រយៈពេលខែឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាងក៏បានឱ្យដឹងដែរ គឺបានបោះពុម្ពអត្តសញ្ញាណប័ណ្ណថ្មី ប្រមាណជាជាង១លានប័ណ្ណ និងបន្តសុពលភាពជា១លានប័ណ្ណដល់ប្រជាពលរដ្ឋ។
 
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខណៈការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៨ ៕

To Top