Feature

កម្ពុជា អំពាវនាវ ឱ្យពិភពលោករួមគ្នា បញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម

រតនគិរី ៖ កម្ពុជា បានប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នា បញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយ នៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូមប្រកាសប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុក នូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់ ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់ គ្រាប់បែកចង្កោមវាយប្រហារ ចូលក្នុងទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ និងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែង រយៈពេលវែង ដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ ដោយសារសំណល់ជាតិផ្ទុះ។

ជាមួយគ្នានេះ កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង ការជួយជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់បែកចង្កោមឡើយ។

លោក Hans Peter Risser នាយកប្រចាំប្រទេស នៃអង្គការ NPA បានលើកឡើងថា អង្គការ NPA បានចូលរួមដល់សកម្មភាពមីន មនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងនោះរួមមានទាំងគាំទ្រ ការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ។

លោកបន្តទៀតថា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ចាប់តាំងពីឆ្នាំ២០១៣ អង្គការ NPA បានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ក្នុងទំហំផ្ទៃដីជាង ៤០គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោលគ្រាប់បែកចង្កោមជាង ៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនជាង ៣ម៉ឺននាក់៕

To Top