ព័ត៌មានជាតិ

សម្តេចធិបតី ៖ កំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ផ្ដោតសំខាន់ការរពង្រឹងស្ថាប័ន 

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។

ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ានដឹកនាំដោយលោកបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងជំនួប, ប្រធានគណៈប្រតិភូបានសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ។ លោកវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានជ្រើសរើសមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ក្នុងការចែករំលែកឧត្តមានុវត្តន៍ សំដៅកសាងមុខងារសាធារណៈមួយ ដែលមានភាពឆ្លើយតបលឿនរហ័ស មានប្រសិទ្ធភាព និងយកប្រជាជនជាស្នូល នៅទូទាំងតំបន់អាស៊ាន។ 

ប្រធានគណៈប្រតិភូក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។

ជាការឆ្លើយតប, សម្ដេចធិបតីចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការតភ្ជាប់ និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន។ 

ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានរំលឹកអំពីសារបាននៃដំណើរវិវឌ្ឍន៍នៃវិស័យមុខងារសាធារណៈ ក៏ដូចជាដំណើរការនៃកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនចំពោះសេវាសាធារណៈ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កំណែទម្រង់នេះគឺដើម្បីធ្វើឱ្យមានគណនេយ្យភាព និងតម្លាភាព ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យក្នុងដំណើរការផ្ដល់សេវាសាធារណៈ។

សម្ដេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំខាងលើនេះនឹងបិទបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈការចែករំលែកឧត្តមានុវត្តន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី៕

To Top