Feature

ក្រុម​គ្រួសារ​អតីតយុទ្ធជន​ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ធំ៖  នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី ២៤ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនសោធននិវត្តន៍ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ 

លោក ប៊ុត ចាន់ធី បានបញ្ជាក់ថា៖ លោក​មានអាយុ ៦៣ឆ្នាំ មានឋានន្តរសក្ដិ ព្រិន្ទបាលឯក លោកបានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាព កងវរសេនាតូចលេខ១ចាស់ ដែលបច្ចុប្បន្នប្ដូរឈ្មោះមកជាកងវរសេនាតូចលេខ៤៤៨ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនសោធន​និវត្តន៍​នៅឆ្នាំ២០០១ ។ លោកមានភរិយាឈ្មោះ សេន ស៊ីម៉ន អាយុ ៥២ឆ្នាំ បច្ចុប្បន្ន​លោក​មាន​ជីវភាព​លំបាក​ខ្វះខាត​ ហើយ​មាន​ជម្រក​ស្នាក់​នៅ​មិន​សមរម្យ​ ដោយមានសមាជិកគ្រួសារចំនួន ៣នាក់​ នៅ​ក្នុង​បន្ទុក​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៤ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈលោក ទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

 នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក សៀ ឡុងធារ៉ា ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោក ប៊ុត ចាន់ធី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។

 លោក ប៊ុត ចាន់ធី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់គាត់នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សំនៀង

To Top