អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលការចោទ ប្រកាន់ របស់ក្រុមលោក រ៉ុង ឈុន
ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោល ចំពោះការចោទប្រកាន់ របស់ក្រុមលោក រ៉ុង ឈុនដែលថា ក្រសួងមិនទទួលយកលិខិត ដោះស្រាយ ដែលបានដាក់មកក្រសួង ឱ្យជួយអន្តរាគមន៍សើរើសំណុំរឿង របស់លោកនៅតុលាការកំពូល ។
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ុង ឈុនដែលគេដឹងថា ជាអតីតសមាគមគ្រូបង្រៀនកម្ពុជា បានដាក់លិខិត ស្នើសុំឱ្យលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សើរើមើលឡើងវិញ លើសាលដីកាក្នុងសំណុំរឿងរបស់លោក នៅតុលាការកំពូល ប៉ុន្តែ លោក រ៉ុង ឈុនអះអាងថា ត្រូវបានក្រសួង យុត្តិធម៌បដិសេធមិន ទទួលយកដោយមិនបានបញ្ជាក់ពីមូលហេតុ ។

បើតាមការផ្សព្វផ្សាយរបស់លោក ឯម ច័ន្ទមករា នៅក្នុងបណ្តាញតេឡេក្រាមឆ្លើយតបទៅលោក រ៉ុង ឈុនបានបញ្ជាក់ថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ គឺត្រូវបានទទួលយកនិងកំពុងស្ថិតក្នុង «ដំណាក់កាលពិនិត្យ និងស្រាវជ្រាវយ៉ាងហ្មត់ចត់ដោយមន្ត្រីជំនាញ» ដើម្បីធ្វើចំណាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដូចរាល់លិខិត ឬពាក្យអន្តរាគមន៍របស់ប្រជាពលរដ្ឋទូទៅដែរ។
លោកបន្តថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏ត្រូវបានទទួលចាត់ការ ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពីមន្រ្តីជំនាញ បានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ ដែលនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌។
ដូច្នេះ លោកច្រានចោលទាំងស្រុងនូវការលើកឡើង ដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា «សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល»។ លោកថា ការឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ, បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន៕









